“កុមារី Napalm” ទទួលបានរង្វាន់សន្តិភាព Dresden នៅប្រទេសអាល្លឺម៉ង់
(VOVWORLD) - នាថ្ងៃទី ១១ ខែកុម្ភៈ លោកស្រី Phan Thi Kim Phuc ជាតួឯកនៅក្នុងរូបថត “កុមារី Napalm” ដែលធ្លាប់ធ្វើឲ្យរញ្ជូលដល់ពិភពលោកនិងជានិមិត្តរូប ប្រឆាំងសង្គ្រាមនៅវៀតណាម មានកិត្តិយសទទួលបានរង្វាន់សន្តិ ភាព Dressden ដោយសារការរួមចំណែករបស់លោកស្រី ចំពោះកុមារនៅក្នុងតំបន់ជួបវិបត្តិនៅជុំវិញពិភពលោក។ ពិធីប្រគល់ពានរង្វាន់នេះ ត្រូវបានប្រារព្ធឡើងយ៉ាងឧឡារិកនៅមហោស្រព Semperoper ដ៏ល្បីឈ្មោះ នៃទីក្រុង Dresden ក្នុងរដ្ឋ Sachsen ភាគខាងកើតប្រទេសអាល្លឺម៉ង់។
លោកស្រី Phan Thi Kim Phuc ទទួលរង្វាន់សន្តិភាព Dressden នៅទីក្រុង Dresden ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ ២០១៩ (រូបថត៖ AFP / TTXVN) |
អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ ក្នុងនាមជាឯកអគ្គរដ្ឋទូតសុឆន្ទៈសន្តិភាពរបស់អង្គការសហប្រជាជាតិ លោកស្រី Phan Thi Kim Phuc បានចូលរួមក្នុងសកម្មភាពជាច្រើននៃការផ្សះផ្សានិងថែទាំកុមារនៅក្នុងតំបន់មានសង្រ្គាមនៅលើទូទាំងពិភពលោកតាមរយៈមូលនិធិដែលលោកស្រីបង្កើតដោយខ្លួនឯង។ លោកស្រី Phan Thi Kim Phuc បានឲ្យដឹងថា ក្តីសុបិន្តរបស់លោកស្រីគឺអាចធ្វើឱ្យពិភពលោកក្លាយជាកន្លែងល្អប្រសើរជាងមុនដើម្បីរស់នៅ។ លោកស្រីក៏បានសង្កត់ធ្ងន់ថាការ អប់រំមានសារៈសំខាន់ណាស់ ហើយក្មេងទាំងអស់ត្រូវតែទៅសាលារៀន។ ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ២០០២ មក មូលនិធិដោយលោកស្រីបង្កើតឡើងនោះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការសាងសង់សាលារៀន មណ្ឌលថែទាំកុមារកំព្រានិងមូលដ្ឋានសុខាភិ បាលមួយចំនួនទូទាំងពិភពលោក។
សូមគូសបញ្ជាក់ថា នាថ្ងៃទី ៨ ខែមិថុនាឆ្នាំ ១៩៧២ លោកស្រី Phan Thi Kim Phuc កាលនោះទើបអាយុ ៩ ឆ្នាំបាន រងការរលាកដោយសារតែការទម្លាក់គ្រាប់បែក Napalm របស់អាមេរិកនៅ Trang Bang ខេត្ត Tay Ninh។ រូបភាពរបស់កុមារី Phuc បានរត់ផងនិងយំផង ហើយស្បែករលាកពេញខ្លួន ដែលត្រូវបាន អ្នកយកព័ត៌មាន Nick Ut នៃភ្នាក់ងារព័ត៌មាន AP ថតបាន ។ រូបថតនេះបានធ្វើឲ្យអ្នកស្រឡាញ់សន្តិភាពជាច្រើននៅលើពិភពលោករញ្ជួលចិត្តរក៏ដូចជាផ្លាស់ប្តូរទស្សនៈរបស់ពិភពលោកអំពីសង្គ្រាមនៅវៀតណាម បំផុសឡើងចលនាប្រឆាំងសង្គ្រាមនៅអាមេរិកនិងជួយអ្នកយកការណ៍រូបថតលោក Nick Ut បានឈ្នះពានរង្វាន់អ្នកកាសែតដ៏ល្បីឈ្មោះ Pulitzer តែម្តង។ បច្ចុប្បន្ននេះ លោកស្រី Phan Thi Kim Phuc កំពុងរស់នៅក្នុងប្រទេសកាណាដា ប្រកបដោយស្ថិរភាពនិងសុភមង្គលជាមួយប្តីនិងកូនប្រុសពីរនាក់ ៕