កូរ៉េខាងជើងបាញ់បង្ហោះមីស៊ីលបាលីស្ទីករយៈចម្ងាយខ្លី
(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានដកស្រង់សេចក្តីប្រកាសរបស់កងទ័ពកូរ៉េខាងត្បូងដែលបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់ប្ងហោះមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីមួយចូលទៅក្នុងដែនទឹកភាគខាងកើតនៃប្រទេសនេះ នាព្រឹកថ្ងៃទី ១៩ ខែមីនា។
ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង កាលពីខែកញ្ញា ឆ្នាំ២០២១។ (រូបថត៖ KCNA) |
យោងតាមអគ្គសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូង (JCS) មីស៊ីលនេះត្រូវបានបង្ហោះចេញពីតំបន់ Tongchang-ri ក្នុងខេត្ត Pyongan ភាគខាងជើងនៃប្រទេសកូរ៉េខាងជើង។
ក្រសួងការពារជាតិជប៉ុនក៏បានចាត់ទុកថា វត្ថុហោះហើរដែលកូរ៉េខាងជើងទើបបាញ់បង្ហោះនោះទំនងជាមីស៊ីលបាលីស្ទិកមួយគ្រាប់។ កាសែត NHK បានដកស្រង់ប្រភពជាច្រើនដែលបាននិយាយថា មីស៊ីលនេះហាក់ដូចជាបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។
ការបាញ់បង្ហោះថ្មីបំផុតរបស់កូរ៉េខាងជើងបានកើតឡើងតែបីថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំជប៉ុន និងកូរ៉េខាងត្បូងបានបើកកិច្ចប្រជុំជាន់ខ្ពស់នៅទីក្រុងតូក្យូ ដែលបានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីដោះស្រាយការគំរាមកំហែងដែលកំពុងតែកើនឡើង។
មុននោះ នាថ្ងៃទី ១៦ ខែមីនា កូរ៉េខាងជើងក៏បានបាញ់បង្ហោះមីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM) Hwasong-17 ផងដែរ។ ការបាញ់បង្ហោះមីស៊ីលរបស់ទីក្រុងព្យុងយ៉ាងត្រូវបានកើតឡើងក្នុងបរិបទដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងធ្វើសមយុទ្ធ Freedom Shield ដែលគ្រោងនឹងអូសបន្លាយរយៈពេល ១១ថ្ងៃ។ នេះជាសមយុទ្ធដ៏ធំបំផុតរវាងសម្ព័ន្ធមិត្តទាំងពីរក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក៕