កូរ៉េខាងជើងបាញ់មីស៊ីលអន្តរទ្វីបជាច្រើនគ្រាប់ចូលទៅក្នុងសមុទ្រ
(VOVWORLD) - អគ្គសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូង នៅព្រឹកថ្ងៃទី ២៤ មករា បានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីលអន្តរទ្វីបជាច្រើនគ្រាប់ ចូលទៅក្នុងតំបន់សមុទ្រលឿង នៅវេលាម៉ោង ៧៖០០នាទី ព្រឹកថ្ងៃទី២៤ ខែមករា (ម៉ោងក្នុងស្រុក)។
កងទ័ពកូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់នូវការបាញ់បង្ហោះនេះ និងបង្កើនការប្រុងប្រយ័ត្នប្រឆាំងនឹងរាល់ទង្វើរបស់កូរ៉េខាងជើង។ តាមការគ្រោងទុក កងទ៏ពអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នឹងឆាប់ធ្វើការវិភាគលម្អិតស្តីពីការបាញ់បង្ហោះនេះ ទាក់ទងនឹងប្រភេទមីស៊ីល រយៈចម្ងាយ និងគន្លងហោះហើរ ក៏ដូចជានាំចេញប្រតិកម្ម។ នេះជាការបាញ់បង្ហោះមីស៊ីលអន្តរទ្វីបថ្មីបំផុតរបស់កូរ៉េខាងជើងចាប់តាំងពីខែកញ្ញាឆ្នាំមុន។
រូបថតដែលបានបង្ហោះដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើងកាលពីថ្ងៃទី ១៥ ខែមករា បង្ហាញពីការបាញ់បង្ហោះមីស៊ីលបាលីស្ទិករយៈចម្ងាយមធ្យមប្រើប្រាស់ឥន្ធនៈរឹង។ រូបថត៖ KCNA |
ប៉ុន្មានម៉ោងមុននោះ អាមេរិកបានប្រកាសថា ខ្លួននឹងរក្សាជំហរការពារ “សមស្រប” ប្រឆាំងនឹងការគំរាមកំហែងមីស៊ីលកាន់តែកើនឡើងពីកូរ៉េខាងជើង។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby ក៏បានរំលឹកឡើងវិញពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ចំពោះកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយរវាងរុស្ស៊ី និងកូរ៉េខាងជើង នៅពេលលើកឡើងពីលទ្ធភាពដែលប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាស៊ីឦសាននាពេលឆាប់ៗនេះ៕