ការច្នៃប្រឌិត និងកិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិសុខទឹក និងការអភិវឌ្ឍប្រកបដោយចីរភាពនៃអាងទន្លេមេគង្គ
(VOVWORLD) - នាថ្ងៃទី ៥ មេសា ក្នុងកិច្ចប្រជុំកំពូលនៃគណៈកម្មការទន្លេមេគង្គអន្តរជាតិលើកទី៤ ដែលរៀបចំឡើងនៅទីក្រុងវៀងច័ន្ទន៍ (ឡាវ) នាយករដ្ឋមន្ត្រីនៃកម្ពុជា ឡាវ ថៃ និងវៀតណាម បានចេញសេចក្តីថ្លែងការណ៍រួម។
មេដឹកនាំថតរូបរួមគ្នាក្នុងកិច្ចប្រជុំកំពូលលើកទី៤ នៃគណៈកម្មការទន្លេមេគង្គអន្តរជាតិ (រូបថត៖ VOV) |
សេចក្តីថ្លែងការណ៍រួម អំពាវនាវឱ្យគណៈកម្មការទន្លេមេគង្គ ដៃគូនិងភាគីពាក់ព័ន្ធសម្របសម្រួល ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតចំពោះបញ្ហា នានាដែលអាងទន្លេមេគង្គកំពុងប្រឈមមុខ រួមទាំងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៀតផង។ ទន្ទឹមនឹងការចាប់យកឱកាស និងពង្រឹងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គប្រកបដោយនិរន្តរភាព និងធានាសន្តិសុខទឹកនោះ ភាគីនានាគួរតែកំណត់អត្តសញ្ញាណការវិនិយោគរួមគ្នា និងគម្រោងជាតិដែលមានអត្ថន័យសម្រាប់អាងទាំងមូល និងសកម្មភាពគាំទ្រដែលពាក់ព័ន្ធ ដើម្បីបង្កើនជំនួយទៅវិញទៅមក និងកាត់បន្ថយភាពងាយរងគ្រោះរបស់សហគមន៍នៅក្នុងតំបន់អាងទន្លេ និងថ្នាក់ជាតិ ហើយផ្តល់ការឆ្លើយតបយ៉ាងទូលំទូលាយចំពោះការប្រែប្រួលអាកាសធាតុ។
ថ្នាក់ដឹកនាំបានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងដើម្បីពង្រឹងបន្ថែមទៀតនូវតួនាទីរបស់គណៈកម្មការ ក្នុងការធានាសន្តិសុខទឹក អាហារ ថាមពល និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម រួមទាំងបរិស្ថានប្រកបដោយនិរន្តរភាពនៃប្រទេសអាងទន្លេមេគង្គ។ ទន្ទឹមនឹងនោះ អំពាវនាវដល់បណ្តាប្រទេសក្នុងតំបន់អាងទន្លេទាំងអស់ ដៃគូ និងភាគីពាក់ព័ន្ធបន្តធ្វើការជាមួយគណៈកម្មការ ដើម្បីរក្សាការអនុវត្តកិច្ចព្រមព្រៀងមេគង្គឆ្នាំ ១៩៩៥ និងគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍អាងទន្លេសម្រាប់ ដំណាក់កាល ២០២១-២០៣០ ឱ្យបានសមស្របជាមួយនឹងសេចក្តីថ្លែងការណ៍រួមនេះ និងស្របតាម "ស្មារតីនៃទន្លេមេគង្គ"៕