ការជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាម-ឡាវ គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងរបស់វៀតណាម
(VOVWORLD) - នារសៀលថ្ងៃទី២ មិថុនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញទទួលជួបលោកឧត្តមសេនីយ៍ទោ Khamliang Outhakaysone អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គសេនាធិការកងទ័ពប្រជាជនឡាវ ដែលកំពុងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងលោកឧត្តមសេនីយ៍ទោ Khamliang Outhakaysone អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គសេនាធិការកងទ័ពប្រជាជនឡាវ។
(រូបថត៖ TTXVN) |
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃ ជំនួបពិភាក្សាការងាររវាងគណៈប្រតិភូអគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនឡាវ និង គណៈប្រតិភូអគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម ហើយបញ្ជាក់ថា បក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនវៀតណាម យកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការជំរុញទំនាក់ ទំនងសហប្រតិបត្តិការជាមួយឡាវ; បន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជា ប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា គោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមនោះ គឺបន្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដោយការប្តេជ្ញាចិត្តខ្ពស់បំផុត ដើម្បីរួមជាមួយ ឡាវ ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពលើគ្រប់វិស័យ រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ផងដែរ។ ដូច្នេះ ការជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងឡាវ គឺ ជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងរបស់ វៀតណាម។ លោកនាយករដ្ឋមន្ត្រីមានបំណងថា កងទ័ពនៃប្រទេសទាំងពីរនឹងអនុវត្តន៍យ៉ាង
យកចិត្តទុកដាក់និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ ខ្ពស់នៃប្រទេសទាំងពីរ។ ក្នុងនោះ មានការបង្កើនការផ្លាស់ប្តូរបទពិសោធក្នុងការកសាងកងកម្លាំងប្រដាប់អាវុធ និងកសាងបក្សក្នុងជួរកងទ័ពនៃប្រទេសនីមួយៗ; ការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងកងទ័ព; ការកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព ប្រកបដោយកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍; សម្របសម្រួលក្នុងការ ល្បាតព្រំដែន; សហការដោះស្រាយបញ្ហាក្នុងតំបន់ និងអន្តរជាតិ ជាដើម៕