ការតាំងពិព័រណ៍ “ស្ត្រីវៀតណាមរួមដៃគ្នាដើម្បីសុវត្ថិភាពលើទូទាំងប្រទេសវៀតណាម”
(VOVWORLD) - នៅក្នុងពិព័រណ៌នេះ រូបថតរាប់រយបានឆ្លុះបញ្ជាំងពីពេលវេលាដ៏មានតម្លៃ អំពីការងារជំនះផលវិបាកនៃគ្រាប់បែកមីនក្រោយសង្គ្រាមនៅវៀតណាម ក៏ដូចជាលទ្ធផលដែលវៀតណាមទទួលបានរួមទាំងការគាំទ្រពីអន្តរជាតិទៀតផង។
អ្នកតំណាងទស្សនាការតាំងពិព័រណ៍ (រូបថត៖ Baoquocte.vn) |
ការតាំងពិព័រណ៍ “ស្ត្រីវៀតណាមរួមដៃគ្នាដើម្បីសុវត្ថិភាពនៅលើទូទាំងប្រទេសវៀតណាម” ដែលបានបើកនាថ្ងៃទី ៧ ធ្នូ នៅទីក្រុងហាណូយ ដោយគោលបំណងបង្ហាញពីតួនាទីពិសេសរបស់ស្ត្រីវៀតណាម ព្រោះពួកគេជាជនរងគ្រោះផង ប៉ុន្តែក៏ជាកម្លាំងចូលរួមយ៉ាងសកម្ម ហើយទទួលបានលទ្ធផលគួរជាទីលើកទឹកចិត្តជាច្រើនក្នុងការងារជំនះនូវផលវិបាក នៃគ្រាប់បែកមីននៅសេសសល់ក្រោយសង្គ្រាម។ នៅក្នុងពិព័រណ៌នេះ រូបថតរាប់រយបានឆ្លុះបញ្ជាំងពីពេលវេលាដ៏មានតម្លៃ អំពីការងារជំនះផលវិបាកនៃគ្រាប់បែកមីនក្រោយសង្គ្រាមនៅវៀតណាម ក៏ដូចជាលទ្ធផលដែលវៀតណាមទទួលបានរួមទាំងការគាំទ្រពីអន្តរជាតិទៀតផង។
អនុរដ្ឋមន្ត្រីការបរទេស លោក Le Hoai Trung អញ្ជើញថ្លែងមតិក្នុងពិព័រណ៍ (រូបថត៖ baoquocte.vn) |
ថ្លែងក្នុងពិធីបើកពិព័រណ៌នេះ អនុរដ្ឋមន្រ្តីការបរទេសនៃក្រសួងការបរទេសវៀតណាមលោក Le Hoai Trung បានសង្កត់ធ្ងន់ថា៖ “ការជំនះពុះពារលើផលវិបាកនៃគ្រាប់មីន ជាពិសេសនៅក្នុងបរិយាកាសក្រោយជម្លោះ គឺជាប្រធានបទអាទិភាពសម្រាប់វៀតណាម ក្នុងនាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយបំណង ចង់ចែករំលែកបទពិសោធន៍ជាតិ និងចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិលើវិស័យនេះ។ ការជំនះពុះពារលើផលវិបាកបណ្តាលពីគ្រាប់បែកមីនមិនត្រឹមតែតម្រូវឱ្យមានការរួមបញ្ចូលគ្នានៃកិច្ចខិតខំប្រឹងប្រែងជាតិនិងកិច្ចសហប្រតិបត្តិការអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតម្រូវឱ្យមានការចូលរួមពីកម្លាំងទាំងអស់នៅក្នុងសង្គមទៀតផង។ ហើយយោងទៅតាមបទពិសោធន៍របស់ប្រទេសជាច្រើន ក្នុងនោះមានវៀតណាម គឺថា ស្ត្រីបានចូលរួមវិភាគទានយ៉ាងសំខាន់ណាស់”។
សូមគូសបញ្ជាក់ថា វៀតណាមជាប្រទេសមួយទទួលរងនូវផលវិបាកយ៉ាងធ្ងន់ធ្ងរដោយគ្រាប់បែកមីនរាប់រយពាន់តោនដែលនៅសល់ពីសង្គ្រាម។ ហេតុដូច្នេះ វៀតណាមតែងតែចាត់ទុកការជំនះពុះពារលើផលវិបាកបណ្តាលពីគ្រាប់បែកមីន ជាពិសេស ក្នុងបរិយាកាសក្រោយជម្លោះជាប្រធានបទអាទិភាពមួយផងដែរ៕