ការប៉ះទង្គិចគ្នានៅស៊ូដង់៖ ភាគីជម្លោះចោទប្រកាន់គ្នាទៅវិញទៅមក​ថាមិនគោរពបទឈប់បាញ់រយៈ​ពេល​២៤ ម៉ោង

(VOVWORLD) - កងទ័ពស៊ូដង់ នាថ្ងៃទី១៨ ខែមេសា បានប្រកាសថា ភាគីជម្លោះក្នុងប្រទេសស៊ូដង់បានយល់ព្រមឈប់បាញ់រយៈពេល ២៤ ម៉ោង ដោយចាប់ផ្តើមនៅម៉ោង ៦យប់ ថ្ងៃទី ១៨ ខែមេសា (ម៉ោងក្នុងតំបន់) តាមការអំពាវនាវរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ហើយនឹងមិនពន្យារពេលលើសពី ២៤ ម៉ោងដែលបានព្រមព្រៀងគ្នានោះទេ។
ការប៉ះទង្គិចគ្នានៅស៊ូដង់៖ ភាគីជម្លោះចោទប្រកាន់គ្នាទៅវិញទៅមក​ថាមិនគោរពបទឈប់បាញ់រយៈ​ពេល​២៤ ម៉ោង - ảnh 1យន្តហោះយោធាត្រូវបានបំផ្លាញក្នុងការប្រយុទ្ធគ្នារវាងកងទ័ពស៊ូដង់ និងកងកម្លាំង RSF នៅអាកាសយានដ្ឋាន Merowe ភាគខាងជើងប្រទេសស៊ូដង់។ (រូបថត៖ AFP/TTXVN)

មុននេះ រដ្ឋមន្ត្រីការបរទេស លោក Blinken បានជួបសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយប្រមុខកងទ័ពស៊ូដង់ និងប្រមុខកងកម្លាំងឆ្លើយតបរហ័ស (RSF) ដើម្បីពិភាក្សាអំពីស្ថានភាពនៅស៊ូដង់។ យោងតាមមុខ RSF បទឈប់បាញ់នេះមានគោលបំណងធានាសុវត្ថិភាពការធ្វើដំណើររបស់ជនស៊ីវិល និងជម្លៀសជនរងរបួស។

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីបទឈប់បាញ់រវាងកងទ័ពស៊ូដង់ និងកងកម្លាំងឆ្លើយតបរហ័សប៉ារ៉ាយោធា (RSF) បានចូលជាធរមាន ការបាញ់កាំភ្លើងត្រូវបានលឺម្តងទៀតនៅក្នុងរដ្ឋធានី Khartoum ។ ប្រជាជននៅទីក្រុង Khartoum បានឲ្យដឹងថា នៅតែលឺស្នូរសំឡេងកាំភ្លើង និងស្នូរសម្លេងផ្ទុះនៅតំបន់ផ្សេងៗគ្នា ជាពិសេសនៅជុំវិញទីបញ្ជាការកងទ័ព និងវិមានសាធារណរដ្ឋ។ ទន្ទឹមនឹងនេះដែរ សមាជិកម្នាក់នៃអង្គការគ្រូពេទ្យស៊ូដង់បាននិយាយថា "ការប្រយុទ្ធគ្នានៅតែបន្ត" ហើយ "យើងនៅតែលឺសំឡេងកាំភ្លើង"។ ក្នុងពេលជាមួយគ្នានោះ កងទ័ពស៊ូដង់ និង RSF បានចេញសេចក្តីប្រកាសចោទប្រកាន់គ្នាទៅវិញទៅមកថាមិនគោរពបទឈប់បាញ់។

យោងតាមអង្គការសហប្រជាជាតិ មានមនុស្សយ៉ាងហោចណាស់ ២០០នាក់បានស្លាប់ និងជាង ២.៦០០នាក់ផ្សេងទៀតរងរបួស ក្នុងរយៈពេលបីថ្ងៃនៃការប្រយុទ្ធគ្នា។ សហព័ន្ធអន្តរជាតិនៃកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមបានឲ្យដឹងថា ស្ទើរតែមិនអាចផ្តល់សេវាមនុស្សធម៌នៅជុំវិញរដ្ឋធានី Khartoum បានទេ ដោយព្រមានថាប្រព័ន្ធសុខាភិបាលស៊ូដង់មានហានិភ័យនៃការដួលរលំ។

សហភាពអាហ្រ្វិក (AU) សម្ព័ន្ធអារ៉ាប់ (AL) ទីភ្នាក់ងារអន្តររដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍន៍ (IGAD ដែលស៊ូដង់ជាសមាជិក) និងសហគមន៍អន្តរជាតិបានសម្តែងការថ្កោលទោសចំពោះអំពើហិង្សានេះ ហើយបានអំពាវនាវឱ្យភាគីទាំងអស់ពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិនៅស៊ូដង់។ អេហ្ស៊ីប និងអេមីរ៉ាត់អារ៉ាប់រួម (UAE) កំពុងជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីសម្របសម្រួលបទឈប់បាញ់មួយនៅក្នុងប្រទេសស៊ូដង់៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ