ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងនឹងបោះឆ្នោតលើសេចក្តីសម្រេចចិត្តថ្មីមួយស្តីពីតំបន់ហ្គាហ្សានៅថ្ងៃនេះ
(VOVWORLD) - នៅថ្ងៃទី ១៨ ខែធ្នូ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបោះឆ្នោតអនុម័តលលើសេចក្តីព្រាងសេចក្តីសម្រេចចិត្តដែលស្នើឲ្យអ៊ីស្រាអែល និងក្រុមហាម៉ាស់ អនុញ្ញាតឱ្យមានការបញ្ជូនជំនួយទៅកាន់តំបន់ហ្គាហ្សា តាមរយៈផ្លូវគោក សមុទ្រ និងផ្លូវអាកាស។
សេចក្តីព្រាងសេចក្តីសម្រេចចិត្តថ្មីក៏ស្នើឲ្យអង្គការសហប្រជាជាតិបង្កើតយន្តការមួយដើម្បីត្រួតពិនិត្យសកម្មភាពជំនួយមនុស្សធម៌។ យោងតាមប្រភពការទូតនៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (អាមេរិក) សេចក្តីព្រាងសេចក្តីសម្រេចចិត្តនេះកំពុងត្រូវបានចរចាដោយសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់អ៊ីស្រាអែល ជាមួយ UAE ដែលជាប្រទេសដែលបានដាក់សេចក្តីព្រាងនេះ ដើម្បីបំពេញលក្ខខណ្ឌរបស់ភាគីទាំងអស់។
កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីតំបន់ហ្គាហ្សានៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៣ ។ រូបថត៖ Charly Triballeau/AFP |
យោងតាមបទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិ ដើម្បីអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចចិត្តនេះ ត្រូវការសំឡេងគាំទ្រយ៉ាងហោចណាស់ ៩សំឡេងក្នុងចំណោមសមាជិកទាំង ១៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងមិនមានការសំឡេងវេតូពីប្រទេសណាមួយក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខ រួមមានរុស្ស៊ី ចិន អាមេរិក បារាំង និងអង់គ្លេស។
លោកស្រី Catherine Colonna រដ្ឋមន្ត្រីការបរទេសបារាំង។ រូបថត៖ america-times.com |
ថ្លែងកាលពីថ្ងៃទី ១៧ ខែធ្នូ ក្នុងប្រទេសអ៊ីស្រាអែល ខណៈដែលកំពុងបំពេញទស្សនកិច្ចនៅមជ្ឈិមបូព៌ា លោកស្រី Catherine Colonna រដ្ឋមន្ត្រីការបរទេសបារាំង បានដាស់តឿនឲ្យអ៊ីស្រាអែលធ្វើការពិភាក្សាលើបទឈប់បាញ់មួយនៅតំបន់ហ្គាហ្សា ៖ “ការទម្លាក់គ្រាប់បែកជាប្រព័ន្ធបានបង្កឱ្យមានការឈឺចាប់យ៉ាងធ្ងន់ធ្ងរ។ អ៊ីស្រាអែលត្រូវតែការពារអាយុជីវិតរបស់ជនស៊ីវិលតាមការតម្រូវដោយច្បាប់អន្តរជាតិ ហើយត្រូវតែចរចាអំពីបទឈប់បាញ់ដែលនឹងអនុញ្ញាតឱ្យមានការដោះលែងចំណាប់ខ្មាំង និងអនុញ្ញាតឱ្យជំនួយត្រូវបាននាំយកចូលទៅក្នុងហ្គាហ្សា និងការបែងចែកជំនួយក្នុងទ្រង់ទ្រាយធំ”។
ទាក់ទិននឹងស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សា កាលពីថ្ងៃទី ១៧ ខែធ្នូ រដ្ឋាភិបាលអ៊ីស្រាអែលជាលើកដំបូងបានបើកច្រកព្រំដែន Kerem Shalom តភ្ជាប់ប្រទេសនេះជាមួយតំបន់ហ្គាហ្សា ដើម្បីអនុញ្ញាតឱ្យក្បួនរថយន្តមនុស្សធម៌ដឹកជញ្ជូនទំនិញសង្គ្រោះមនុស្សធម៌ចូលទៅក្នុងតំបន់ហ្គាហ្សា។ ការបើកច្រកព្រំដែន Kerem Shalom អាចជួយបង្កើនទ្វេដងនៃចំនួនស្បៀងអាហារ និងថ្នាំពេទ្យដែលត្រូវបានផ្ទេរចូលទៅតំបន់ហ្គាហ្សា ពីព្រោះកាលពីមុនក្បួនរថយន្តមនុស្សធម៌មានច្រកចូលតែមួយចូលតំបន់ហ្គាហ្សា ដែលជាច្រកព្រំដែន Rafah របស់ប្រទេសអេហ្ស៊ីប៕