ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ពន្យារពេលបោះឆ្នោតលើសេចក្តីព្រាងសេចក្តីសម្រេច​ចិត្ត​អំពាវនាវឲ្យមានបទឈប់បាញ់នៅតំបន់​ហ្គាហ្សា

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UNSC) កាលពីថ្ងៃទី ១៨ ខែធ្នូ បានសម្រេចចិត្ត ពន្យារពេលការបោះឆ្នោតដែលបានគ្រោងទុកលើសេចក្តីសម្រេចចិត្តដើម្បីបញ្ឈប់អរិភាពនៅតំបន់ហ្គាហ្សាជាបន្ទាន់ និងដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលទាំងអស់ដែលត្រូវបានចាប់ខ្លួនដោយកងកម្លាំងហាម៉ាស។
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ពន្យារពេលបោះឆ្នោតលើសេចក្តីព្រាងសេចក្តីសម្រេច​ចិត្ត​អំពាវនាវឲ្យមានបទឈប់បាញ់នៅតំបន់​ហ្គាហ្សា - ảnh 1ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួបប្រជុំគ្នាស្តីពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅថ្ងៃទី ១៦ ខែតុលា។ រូបថត៖ AP

ការសម្រេចចិត្តនេះ សំដៅជួយសម្រួលដល់ការចរចាស្តីពីបទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក៏ដូចជាជៀសវាងសេណារីយ៉ូវេតូដូចការបោះឆ្នោតលើកមុន។ មន្ត្រីចារកម្មមកពីសហរដ្ឋអាមេរិក អ៊ីស្រាអែល និងកាតាកាលពីថ្ងៃទី ១៨ ខែធ្នូ ក៏បានជួបប្រជុំគ្នានៅប្រទេសប៉ូឡូញ ដើម្បីវាយតម្លៃចំពោះយថាទស្សន៍នៃកិច្ចព្រមព្រៀងបទឈប់បាញ់ថ្មី ខណៈដែលមន្ត្រីអាមេរិក និងអឺរ៉ុប បន្តធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដើម្បីស្វែងរកការដោះស្រាយជម្លោះដែលកំពុងតែកើនឡើង។

អ៊ីស្រាអែលកំពុងប្រឈមនឹងសម្ពាធក្នុងស្រុក និងអន្តរជាតិកាន់តែកើនឡើង ដែលសំណូមពរឱ្យប្រទេសនេះ កាត់បន្ថយប្រតិបត្តិការយោធារបស់ខ្លួននៅហ្គាហ្សា និងផ្តល់អាទិភាពលើការការពារជនស៊ីវិល។ កាលពីដើមខែនេះ អ៊ីស្រាអែលបានចេញសេចក្តីណែនាំការជម្លៀសជាក់លាក់សម្រាប់ប្រជាជននៅតំបន់ហ្គាហ្សា ខណៈដែលកងទ័ពបានចូលទៅក្នុងទីក្រុង Khan Younis ភាគខាងត្បូង។ ប្រទេសនេះក៏បានបើកផ្លូវដឹកទំនិញសំខាន់ជាមួយហ្គាហ្សាឡើងវិញដែរ។ ទោះជាយ៉ាងណាក៏ដោយ បរិមាណជំនួយដែលចូលទៅតំបន់ហ្គាហ្សាគឺតិចជាងពាក់កណ្តាលនៃអំឡុងពេលមុនជម្លោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ