ក្រុមសមាជិកសភាអាមេរិកអះអាងនូវការជំរុញទំនាក់ទំនងជាមួយអាស៊ាន
(VOVWORLD) - នៅក្នុងជំនួបពិភាក្សានេះ លោក Joaquin Castro បានថ្លែងអំណរគុណហើយវាយតម្លៃខ្ពស់ចំពោះមេរៀននិងបទពិសោធន៍គ្រប់គ្រងជម្ងឺ Covid-19 របស់ប្រទេសអាស៊ាននានា ជាពិសេសគឺវៀតណាម ក៏ដូចជាកិច្ចសហប្រតិបត្តិការអាស៊ាន-អាមេរិកក្នុងការឆ្លើយតបនឹងជម្ងឺរាតត្បាតនាពេលកន្លងទៅផងដែរ។
ឯកអគ្គរដ្ឋទូតនៃប្រទេសអាស៊ាននានាជួបពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយ សមាជិកសភាជាន់ទាបអាមេរិកលោក Joaquin Castro។ |
នាថ្ងៃទី១៨ កក្កដា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាមេរិកលោក Ha Kim Ngoc រួមជាមួយឯកអគ្គរដ្ឋទូត ភារធារីនៃប្រទេសអាស៊ាននានាប្រចាំនៅទីក្រុងវ៉ាស៊ីនតោណបានពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយសមាជិកសភាជាន់ទាបលោក Joaquin Castro អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាជាន់ទាប និងជាសហប្រធានក្រុមអាស៊ាននៃរដ្ឋសភាអាមេរិក អំពីការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-អាមេរិក។ នៅក្នុងជំនួបពិភាក្សានេះ លោក Joaquin Castro បានថ្លែងអំណរគុណហើយវាយតម្លៃខ្ពស់ចំពោះមេរៀននិងបទពិសោធន៍គ្រប់គ្រងជម្ងឺ Covid-19 របស់ប្រទេសអាស៊ាននានា ជាពិសេសគឺវៀតណាម ក៏ដូចជាកិច្ចសហប្រតិបត្តិការអាស៊ាន-អាមេរិកក្នុងការឆ្លើយតបនឹងជម្ងឺរាតត្បាតនាពេលកន្លងទៅផងដែរ។ លោកក៏បានសង្កត់ធ្ងន់លើការគាំទ្ររបស់គណៈបក្សទាំងពីរក្នុងរដ្ឋសភាអាមេរិកចំពោះការពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-អាមេរិក ក៏ដូចជាមជ្ឈភាពរបស់អាស៊ានក្នុងតំបន់ផងដែរ។
បណ្ដាឯកអគ្គរដ្ឋទូតនិងភារធារីនៃប្រទេសអាស៊ានទាំងអស់បានថ្លែងអំណរគុណចំពោះអាមេរិកដោយបានគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរួមសំដៅរក្សាច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២នៅសមុទ្រខាងកើត និងតំបន់សមុទ្រផ្សេងៗទៀតក្នុងតំបន់។ លោកឯកអគ្គរដ្ឋទូតវៀតណាម Ha Kim Ngoc បានវាយតម្លៃខ្ពស់ចំពោះការដែលគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភានិងសភាជាប់ទាបអាមេរិកបានចេញសេចក្ដីថ្លែងការណ៍ដោយគូសបញ្ជាក់ថា រាល់ការអះអាងពាក់ព័ន្ធដល់ដែនដីនិងនាវាចរណ៍របស់ចិននៅសមុទ្រខាងកើតគឺខុសច្បាប់ទាំងស្រុង។ ជាការឆ្លើយតប លោកសមាជិកសភាអាមេរិក Joaquin Castro បានរំលេចតម្លៃគតិយុត្តនៃសាលក្រមរបស់តុលាការអាជ្ញាកណ្ដាលក្នុងករណីបណ្ដឹងរវាងហ្វីលីពីននិងចិន ព្រមទាំងអះអាងថា អាមេរិកជានិច្ចកាលប្រកៀកស្មាជាមួយប្រទេសនានាក្នុងតំបន់ ដោយមិនអនុញ្ញាតឲ្យប្រទេសណាមួយប្រើប្រាស់កម្លាំងដើម្បីពង្រីកដែនដីទោះជានៅសមុទ្រខាងកើត សមុទ្រ Hoa Tung ឬលើដីគោកក៏ដោយ៕