ក្រុមហ៊ុនអាកាសចរណ៍វៀតណាមនិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការ
(VOVWORLD) - នារសៀលថ្ងៃទី ១៥ ធ្នូ នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបជាមួយលោក Steven Udvar-Hazy ប្រធានក្រុមហ៊ុន Air Lease Corporation USA (ALC)។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក Steven Udvar Hazy ប្រធានក្រុមហ៊ុន Air Lease Corporation (រូបថត៖ Duong Giang/TTXVN) |
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យក្រុមហ៊ុន ALC ជួយឧបត្ថម្ភក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airline) ក្នុងគ្រាលំបាកដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ ១៩ ជាពិសេសចំពោះ រាល់កិច្ចសន្យាដែលបានចុះហត្ថលេខាហើយមិនទាន់បានអនុវត្តន៍ ក៏ដូចជាខ្ទង់ហិរញ្ញវត្ថុផ្សេងៗទៀត។ លោកនាយករដ្ឋមន្ត្រីបាននិយាយថា វៀតណាមគ្រោងនឹងបើកឡើងវិញនូវជើងហោះហើរអន្តរជាតិមួយចំនួន រួមទាំងផ្លូវហោះហើរទៅកាន់សហរដ្ឋអាមេរិក ហើយក្រុមហ៊ុនអាកាសចរណ៍វៀតណាមនឹងចូលរួមក្នុងដំណើរការនេះ។
លោក Steven Udvar-Hazy បានយល់ព្រមគាំទ្រក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airline) ក្នុងកិច្ចសន្យាជាក់ស្តែងមួយចំនួន ដោយជឿជាក់ថា ជាមួយនឹងការគាំទ្រនេះ និងបន្ទាប់ពីវៀតណាមបើកសេដ្ឋកិច្ច ការបន្តឡើងវិញនៃពាណិជ្ជកម្ម និងទេសចរណ៍នឹងជួយក្រុមហ៊ុនអាកាសចរណ៍វៀតណាមងើបឡើងវិញ និងអភិវឌ្ឍ។
បន្ទាប់ពីជំនួបនេះ នាយករដ្ឋមន្ត្រី Pham Minh Chinh បានធ្វើជាសាក្សី Vietnam Airlines និង ALC ផ្លាស់ប្តូរកិច្ចព្រមគាំទ្រគ្នាទៅវិញទៅមក។ នៅក្រោមកិច្ចព្រមព្រៀងនេះ ALC បានយល់ព្រមកាត់បន្ថយដោយផ្ទាល់នូវតម្លៃក្រោមកិច្ចសន្យាបច្ចុប្បន្នចំនួន ៤២០ លានដុល្លារ; បានយល់ព្រមលុបចោលកិច្ចសន្យាជួលយន្តហោះដែលបានចុះហត្ថលេខាពីមុន ដែលមានតម្លៃសរុប 600 លានដុល្លារ។ ដូច្នេះ ALC ជួយក្រុមហ៊ុនអាកាសចរណ៍វៀតណាមកាត់បន្ថយការចំណាយ និងកាតព្វកិច្ចទូទាត់ដែលមានទឹកប្រាក់សរុបជាង ១ ពាន់លានដុល្លារ៕