ក្រុមឥស្សរជន Ha Dong ដើម្បីសេចក្តីស្រឡាញ់ចំពោះទីក្រុងហាណូយ រួមដៃគ្នាអភិរក្សព្រះរាជក្រឹត្យតាំងស៊ុប
(VOVWORLD) - ក្រុមឥស្សរជន Ha Dong ទើបទទួលបានការលើកតំកើងនៅក្នុងពិធីប្រគល់ពានរង្វាន់ Bui Xuan Phai - ដើម្បីសេចក្តីស្រឡាញ់ចំពោះទីក្រុងហាណូយឆ្នាំ ២០២០។ ក្នុងប្រភេទពានរង្វាន់ការងារ ដើម្បីសេចក្តីស្រឡាញ់ចំពោះទីក្រុងហាណូយបានទទួលពានរង្វាន់ចំនួន ២ ហើយពានរង្វាន់១ បានទៅក្រុមឥស្សិរជន Ha Dong ដែលក្រុមនេះបានរកឃើញនិងប្រគល់ជូននូវព្រះរាជក្រឹត្យតាំងស៊ុប ដល់ភូមិ ស្រុក នានានៃទីក្រុងហាណូយ រួមទាំងខេត្តនិងក្រុងជាច្រើននៅទូទាំងប្រទេស ទៀតផង។
ក្រុមឥស្សរជន Ha Dong ទើបទទួលបានការលើកតំកើងក្នុងពិធីប្រគល់ពានរង្វាន់ Bui Xuan Phai - ដើម្បីសេចក្តីស្រឡាញ់ហាណូយ ឆ្នាំ ២០២០ |
ក្រុមឥស្សរជន Ha Dong មានមនុស្សចំនួន ៨ នាក់ ដែលជាកវី សិល្បករ សិល្បការិនីល្បីឈ្មោះនិងអាជីវករមួយចំនួន។ ចាប់ពីឆ្នាំ ២០១៥ រហូតមកដល់បច្ចុប្បន្ននេះ ឥស្សរជនទាំងនេះ បានចំណាយពេលស្វែងរក ប្រមូលផ្តុំនិងបរិច្ចាគ ព្រះរាជក្រឹត្យតាំងស៊ុបប្រមាណ ២០០ ដល់តំបន់នានា ដែលក្នុងនោះ ព្រះរាជក្រឹត្យតាំងស៊ុប ជាង ៨០ សម្រាប់វត្តអារ៉ាមនិងទីសក្ការៈបូជានៃទីក្រុងហាណូយផងដែរ។ ព្រះរាជក្រឹត្យតាំងស៊ុបដែលប្រមូលបាន ភាគច្រើននៅក្នុងរាជវង្ស Nguyen និង Le។
ព្រះរាជក្រឹត្យតាំងស៊ុបដូចជាព្រលឹងនិងវិញ្ញាណនៃវត្តអារ៉ាម ប្រាសាទ វិមាននិងកន្លែងសក្ការៈបូជា ក៏ដូចជាក្នុងជីវភាពខាងវប្បធម៌ និងជាបេតិកភណ្ឌដ៏មានតម្លៃនៃសម្បត្តិវប្បធម៌វៀតណាម។ ចំពោះភូមិជនបទ វៀតណាម ព្រះរាជក្រឹត្យតាំងស៊ុប បានបង្ហាញពីតម្លៃអំពីអត្តសញ្ញាណវប្បធម៌។ ហេតុដូច្នេះ ការប្រគល់ព្រះរាជក្រឹត្យតាំងស៊ុប ដល់ប្រជាជនក្នុងតំបន់ គឺជាការងារដែលមានអត្ថន័យពិសេស រួមចំណែកផ្សារភ្ជាប់ស្មារតីរបស់មនុស្សម្នាក់ៗ តាមរយៈតម្លៃប្រវត្តិសាស្ត្រ។ នៅឆ្នាំ ២០១៥ នាថ្ងៃមួយ សមាជិកនៃក្រុមឥស្សរជន Ha Dong បានរំលឹកដោយចៃដន្យ ដល់ព្រះរាជក្រឹត្យតាំងស៊ុប ដែលលោក Trinh Huu Sy កំពុងអភិរក្ស ហើយរឿងរ៉ាវស្តីពីព្រះរាជក្រឹត្យត្រូវបានបន្តក្នុងជំនួបសំណេះសំណាលនោះ។ កវី Nguyen Quang Thieu សមាជិកនៃក្រុមឥស្សរជន Ha Dong បានរៀបរាប់ថា៖ “ដំបូងបង្អស់គឺជាការចាប់ផ្តើមពីការស្រឡាញ់ភូមិ ស្រុករបស់សមាជិកខ្លះក្នុងក្រុម។ នៅពេលដែលមូលដ្ឋាននានាបានទទួលឡើងវិញនូវព្រះរាជក្រឹត្យតាំងស៊ុប ប្រការនេះបានរួមចំណែកផ្លាស់ប្តូរជីវភាពរស់នៅរបស់ប្រជាជនទាំងមូលនៅទីនោះ។ អ្វីដែលស្រស់ស្អាត ពិសិដ្ឋ គឺសុទ្ធតែបានបង្ហាញតាមរយៈជីវភាពរស់នៅរបស់ពួកគេផងដែរ។ នេះបង្ហាញថា ប្រជាជនយល់ដឹងយ៉ាងច្បាស់អំពីគុណតម្លៃនៃវប្បធម៌ប្រពៃណី។ ពោលគឺ ព្រះរាជក្រឹត្យកាលពីជាង ១០០ ឆ្នាំមុន ដែលបានរកឃើញ មានន័យថា ជាយូរណាស់មកហើយ ហេតុដូច្នេះ ទីតាំងសម្គាល់ក្នុងស្រុកក៏ត្រូវបានផ្លាស់ប្តូរ។ យើងខ្ញុំក៏ត្រូវស្វែងរកច្រើនដង ច្រើនថ្ងៃ ដើម្បីរកកន្លែងដែលបានចារឹកក្នុងព្រះរាជក្រឹត្យតាំងស៊ុប ព្រោះកាលពីមុនទីតាំងនោះចំណុះខេត្តនេះ ប៉ុន្តែឥឡូវនេះស្ថិតក្នុងខេត្តផ្សេង”។
ចាប់ពីឆ្នាំ ២០១៥ រហូតមកដល់ពេលនេះ ក្រុមឥស្សរជន Ha Dong បានស្រាវជ្រាវ ប្រមូលនិងបរិច្ចាគ ព្រះរាជក្រឹត្យតាំងស៊ុបជាង ២០០ ច្បាប់ជូនដល់មូលដ្ឋាននានា |
ក្រៅពីប្រភពព្រះរាជក្រឹត្យតាំងស៊ុប ស្ថិតក្នុងសម្រាំងស្រាវជ្រាវរបស់អ្នកនិពន្ធ Trinh Huu Sy ក្រុមឥស្សរជន Ha Dong ក៏បានស្រាវជ្រាវនិងប្រមូលព្រះរាជ្យក្រឹត្យតាំងស៊ុបដែលត្រូវបាត់បង់រឺអណ្តែតនៅលើទីផ្សារ។ តាម រយៈមិត្តភក្តិ បណ្តាញសង្គមនិងប្រព័ន្ធផ្សព្វផ្សាយ ពួកគេបានចេញការអំពាវនាវថា “អ្នកដែលរក្សាព្រះរាជ្យក្រឹត្យតាំងស៊ុប ប្រសិនបើមានចិត្ត សូមប្រគល់វាទៅឱ្យក្រុមយើង ដើម្បីប្រគល់ជូនម្ចាស់វិញ។ ក្នុងករណីដែលអ្នកបានចំណាយប្រាក់ដើម្បីធ្វើជាកម្មសិទ្ធិម្ចាស់ ហើយអាចជូនដំណឹងដល់ក្រុមយើងឲ្យទិញត្រឡប់មកវិញដែរ”។
មិនត្រឹមតែស្វែងរកព្រះរាជ្ក្រឹត្យតាំងស៊ុបមកវិញប៉ុណ្ណោះទេ សមាជិកក្នុងក្រុមក៏ទទួលខុសត្រូវក្នុងការស្វែងរក ស្រាវជ្រាវឯកសារ រួមទាំងការបកប្រែខ្លឹមសារលើព្រះរាជក្រឹត្យតាំងស៊ុបដែលខ្លួនរកឃើញ ដើម្បីទទួលបានព័ត៌មានមូលដ្ឋាន អំពីប្រភពដើមនៃឯកសារបុរាណទាំងនេះ។ កវី Nguyen Quang Thieu បានឲ្យដឹងថែមទៀតថា៖ “យើងខ្ញុំបានជួបធ្វើការជាមួយវិទ្យាស្ថាន Han-Nom ដើម្បីសួរនាំអំពីឯកសារទាំងនោះ ហើយវិទ្យាស្ថាន Han – Nom បាននិយាយថា ព្រះរាជក្រឹត្យតាំងស៊ុបមានតម្លៃវប្បធម៌ខ្លាំងណាស់។ នេះគឺជាផ្នែកមួយនៃសំណុំឯកសារដើមនៃវប្បធម៌វៀតណាមដែលយើងត្រូវស្តារឡើងវិញ។ យើងបានស្នើឱ្យវិទ្យាស្ថាន Han – Nom ពិនិត្យមើលឡើងវិញពីព្រះរាជក្រឹត្យតាំងស៊ុបទាំងនោះ បកប្រែផងនិងបញ្ចូលទៅក្នុងសំណុំឯកសារផង។ ការថែរក្សាគ្រឹះវប្បធម៌ជាតិ មានសារៈសំខាន់ ពីព្រោះ បើគ្មានមូលដ្ឋានគ្រឹះវប្បធម៌ជាតិទេ យើងនឹងបាត់បង់តុល្យភាពក្នុងការអភិវឌ្ឍរបស់យើងនាពេលអនាគត។ ហេតុដូច្នេះ យើងប្តេជ្ញាប្រមូលផ្តុំ អំពាវនាវរកការប្រមូលបន្ថែមទៀត បកប្រែនិងរកវិធីដើម្បីប្រគល់ព្រះរាជក្រឹត្យតាំងស៊ុបដល់មូលដ្ឋានជាម្ចាស់ឡើងវិញ”។
ការស្វែងរកព្រះរាជក្រឹត្យតាំងស៊ុបដែលត្រូវបាត់បង់ ជាការងារស្ម័គ្រចិត្ត របស់ក្រុមឥស្សរជន Ha Dong បានរួមចំណែកដល់ការអភិរក្សនិងលើកដំកើងវប្បធម៌ជាតិ។ ការងាររបស់ក្រុមឥស្សរជន Ha Dong បានរីកសាយភាយនិងលើកទឹកចិត្តដល់ក្រុមនិងបុគ្គលដទៃទៀត ឱ្យយកចិត្តទុកដាក់ចូលរួមនិងប្រគល់ព្រះរាជក្រឹត្យតាំងស៊ុបទៅដល់ម្ចាស់វិញ បានរួមចំណែក អភិរក្សនិងលើកកម្ពស់តម្លៃវប្បធម៌ដើម្បីទីក្រុងហាណូយជាទីស្រឡាញ់របស់យើងទាំងអស់គ្នា៕