ក្រុម G20 សន្យាផ្តល់ជំនួយជាការងារនិងការសិក្សាពីចម្ងាយក្នុងកំឡុងពេលនៃជំងឺរាតត្បាត COVID-19
(VOVWORLD) - ក្រុមសេដ្ឋកិច្ចឈានមុខគេនិងកំពុងអភិវឌ្ឍន៍លើពិភពលោក (G20) បានប្រកាសថា G20 នឹងសម្របសម្រួលផ្តល់ជំនួយ ជូនប្រជាជននូវឧបករណ៍ធ្វើការនិងសិក្សាពីចម្ងាយ ក្នុងបរិបទនៃការរីករាលដាលជំងឺ COVID-19 ដែលបណ្តាលឱ្យមនុស្សជាច្រើនជាប់គាំងនៅផ្ទះ ដោយសារបទបញ្ជារក្សាគម្លាតសង្គម។
និស្សិត (នៅលើកញ្ចក់ទូរទស្សន៍) ពិភាក្សាជាមួយគ្រូតាមរយៈកម្មវិធី Google Meet នៅទីក្រុង Venice នៃប្រទេសអ៊ីតាលី បន្ទាប់ពីសាលារៀនជាច្រើនបានបិទទ្វារដោយសារការរីករាលដាលនៃ COVID-19 (រូបថតៈ AFP/TTXVN) |
ក្នុងសេចក្តីថ្លែងការណ៍រួមបន្ទាប់ពីបញ្ចប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចឌីជីថល តាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី ៣០ ខែមេសា បានគូសបញ្ជាក់ថា “យើងនឹងជំរុញថែមទៀតការ ងារឌីជីថល និងអភិវឌ្ឍជំនាញ ឌីជីថលមូលដ្ឋាន នៅក្នុងអាជីវកម្ម អង្គការសង្គម សាលារៀននិងសាកលវិទ្យាល័យជាដើម។ យើងលើកទឹកចិត្តឱ្យមានការប្រើប្រាស់យ៉ាងទូលំទូលាយនូវឧបករណ៍ដែលបង្កលក្ខណៈងាយស្រួល ដល់ការរៀនសូត្រនិងបំពេញការងារពីចម្ងាយ ក្នុងអំឡុងពេលកើតមានឡើងជំងឺរាតត្បាត។
រដ្ឋមន្រ្តី G20 ក៏បានសន្យាថា នឹងសហការគ្នាដោយឈរលើ “មូលដ្ឋានបន្ទាន់” ជាមួយក្រុមហ៊ុនទូរគមនាគមន៍និងអ្នកផ្តល់សេវាអ៊ិនធឺណិតដើម្បីធានាការតភ្ជាប់ប្រកបដោយសុវត្ថិភាពក្នុងតម្លៃសមរម្យ ជាពិសេសសម្រាប់ក្រុមដែលងាយរងគ្រោះក្នុងសង្គម។ រដ្ឋមន្រ្តីទាំងអស់ក៏បានលើកទឹកចិត្តដល់ការចែករំលែកទិន្នន័យពុំមានលក្ខណៈបុគ្គល ដែលអាចរួមចំណែកដល់ការឃ្លាំមើល ការយល់ដឹងនិងការការពារការឆ្លងរាលដាលឬជំងឺឆ្លងផ្សេងៗ ព្រមទាំងសង្កត់ធ្ងន់លើសមត្ថភាពបញ្ញាសិប្បនិម្មិតនិងបច្ចេកវិទ្យាដទៃទៀត ដែលអាចជំរុញការអភិវឌ្ឍវិធីសាស្ត្រព្យាបាលនិងការត្រៀមបង្កើតវ៉ាក់សាំង៕