ក្រុម Houthi វាយប្រហារលើកប៉ាល់ដឹកទំនិញមួយនៅឈូងសមុទ្រ Aden
(VOVWORLD) - កងកម្លាំង Houthi នៅក្នុងប្រទេសយេម៉ែនកាលពីថ្ងៃទី ២២ ខែមិថុនា បានប្រកាសថា កម្លាំងនេះបានវាយប្រហារលើកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង ដែលកំពុងធ្វើដំណើរឆ្លងកាត់ឈូងសមុទ្រ Aden ប៉ុន្តែមិនបណ្តាលឱ្យមានការខូចខាតខ្លាំងនោះទេ។
មុននោះ កាលពីថ្ងៃទី ២១ ខែមិថុនា ស្ថាប័នប្រតិបត្តិពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេសបានឲ្យដឹងថា ប្រធានកប៉ាល់បានរាយការណ៍អំពី "ការបំផ្ទុះនៅតំបន់ក្បែរកប៉ាល់" ទោះជាយ៉ាងណាក៏ដោយ កប៉ាល់មិនរងការខូចខាតនោះទេ។ កប៉ាល់ និងក្រុមនាវិកមានសុវត្ថិភាព ហើយកំពុងបន្តដំណើរទៅកាន់កំពង់ផែបន្ទាប់។
កប៉ាល់ដឹកទំនិញត្រូវបានគេវាយប្រហារនៅពេលធ្វើដំណើរឆ្លងកាត់ឈូងសមុទ្រ Aden នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៤។ រូបថត៖ AFP/TTXVN |
ការវាយប្រហាររបស់ Houthi បានកើតឡើងបន្ទាប់ពីការលិចកប៉ាល់ Tutor កាលពីសប្តាហ៍មុន ដែលបង្ហាញពីការកើនឡើងថ្មីមួយនៅក្នុងយុទ្ធនាការវាយប្រហាររបស់ក្រុម Houthi ប្រឆាំងនឹងនាវានៅក្នុងច្រករបៀងសមុទ្រដ៏សំខាន់ឆ្លងកាត់សមុទ្រក្រហម ចំពេលជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅក្នុងតំបន់ហ្គាហ្សានៅតែបន្ត។
កងកម្លាំង Houthi បានធ្វើការវាយប្រហារជាង ៦០ លើកប៉ាល់នានា ដោយបានសម្លាប់នាវិកសរុប ៤ នាក់។ ក្រុម Houthi ក៏បានចាប់ខ្លួនកប៉ាល់មួយគ្រឿង និងបានពន្លិចកប៉ាល់ពីរគ្រឿង ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣មក។ កម្លាំងនេះបានបញ្ជាក់ថា ការវាយប្រហាររបស់ខ្លួនសំដៅលើនាវាដែលពាក់ព័ន្ធជាមួយអ៊ីស្រាអែល អាមេរិក ឬអង់គ្លេស។ ទោះជាយ៉ាងណាក៏ដោយ កប៉ាល់ជាច្រើនដែលរងការវាយប្រហារនោះ មានទំនាក់ទំនងតិចតួច ឬគ្មានពាក់ព័ន្ធទៅនឹងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសនោះទេ៕