ការវិវត្តន៍នៃជំងឺរាតត្បាត COVID-19 នៅបណ្តាប្រទេសជាច្រើនលើពិភពលោក

(VOVWORLD) - នាថ្ងៃទី ១២ ខែមីនា អ្នកនាំពាក្យគណៈកម្មាធិការសុខាភិបាលជាតិរបស់ចិន (NHC) លោក  Mi Feng បានឲ្យដឹងថា ប្រទេសនេះបានឆ្លងកាត់ដំណាក់កាលកំពូលនៃការកើនឡើងនៃជម្ងឺរាតត្បាត កូវីដ១៩ (Covid-19) ។
ការវិវត្តន៍នៃជំងឺរាតត្បាត COVID-19 នៅបណ្តាប្រទេសជាច្រើនលើពិភពលោក - ảnh 1 ការវិវត្តន៍នៃជំងឺរាតត្បាត COVID-19 នៅបណ្តាប្រទេសជាច្រើនលើពិភពលោក (រូបថត៖ TTXVN)

យោងតាមរបាយការណ៍នាពេលថ្មីៗនេះ របស់ NHC បានឲ្យដឹងថា នាថ្ងៃទី ១១ ខែមីនា ប្រទេសចិនដីគោក បានកត់សម្គាល់អ្នកស្លាប់មានចំនួន ១១ នាក់បន្ថែមទៀតក្នុងនោះមាន ១០ នាក់ស្ថិតនៅខេត្តហ៊ូប៉ី និង ១ នាក់ទៀតនៅខេត្ត Shaanxi ។ ប្រទេសចិនដីគោកបានកត់ សម្គាល់អ្នកឆ្លងថ្មីចំនួន ១៥ នាក់បន្ថែមទៀត ពោលគឺថយចុះបើប្រៀបធៀបនឹងចំនួន ២៤ ករណីកាលពីថ្ងៃទៅមិញ។

 ទន្ទឹមនឹងនេះ អគ្គនាយកនៃអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានអះអាងថា ជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវ COVID-19 នេះគឺជា«ជំងឺរាតត្បាតសកល» ដែលអាចគ្រប់គ្រងបាន ប្រសិនបើប្រទេសនានាបង្កើនការទប់ទល់យ៉ាងខ្លាំងផងដែរ។ ថ្លែងមតិទៅកាន់អ្នកការទូតនៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស) កាលពីថ្ងៃទី ១២ ខែមីនា លោក Ghebreyesus បានសង្កត់ធ្ងន់ថាការសម្រេចចិត្តដែលហៅថា«ជំងឺរាតត្បាតសកល» មិនមែនមានន័យថាបណ្តាប្រទេសបោះបង់ចោលការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនោះឡើយ។

ពិតណាស់ថា ចំនួនករណីនៃការឆ្លងនិងការស្លាប់កំពុងកើនឡើងដោយឥតឈប់ឈរនៅទូទាំងពិភពលោក។ គិតត្រឹមដល់យប់ថ្ងៃទី ១២ ខែមីនា ចំនួនអ្នកឆ្លងវីរុស SARS-CoV-2 នៅទូទាំងពិភពលោកបានកើនឡើងដល់ ១២៩. ៦៤១ នាក់និង ៤.៧៤៩ នាក់បានស្លាប់ផងដែរ។ ការផ្ទុះជំងឺរាតត្បាតនេះត្រូវបានរកឃើញនិងរីករាលដាលនៅប្រទេសនិងដែនដីចំនួន ១២៥ ហើយ។

យ៉ាងណាមិញ នាថ្ងៃទី ១២ ខែមីនា ស្ថាប័នគ្រប់គ្រងនិងការពារប្រឆាំងជំងឺ រាតត្បាត របស់កូរ៉េខាងត្បូង (KCDC) បានឲ្យដឹងថា ចំនួនករណីឆ្លងជំងឺកូវីដ១៩ នៅប្រទេសនេះបានកើនបន្ថែម ១១៤ ករណី ដែលធ្វើឲ្យចំនួននេះឡើងដល់ ៧.៨៦៩ ករណី។ រីឯនៅប្រទេសជប៉ុនគិតត្រឹមដល់ថ្ងៃទី ១២ ខែមីនា មានអ្នកស្លាប់ចំនួន ២៣ នាក់ដោយជំងឺរាតត្បាតកូវីដ១៩ ហើយមានអ្នកឆ្លងចំនួន ១.៣៣៧ នាក់ផងដែរ។ ក្រៅពីនោះ នាថ្ងៃទី ១២ ខែមីនាក្រសួងសុខាភិបាលអ៊ីរ៉ង់ បានជូនដំណឹងថា ប្រទេសនេះបានកត់សម្គាល់អ្នកស្លាប់ដោយជម្ងឺកូវីដ១៩ មានចំនួន ៧៥ នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបដោយវីរុស SARS-CoV-2 នៅប្រទេសនេះកើនឡើងដល់ ៤២៩ នាក់តែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ