ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាមស្នើឲ្យលើកកម្ពស់ស្តង់ដារជំនួយសង្គម
(VOVWORLD) - សារាចរណ៍លេខ ២០ ដែលចូលជាធរមានពីខែកក្កដា ឆ្នាំ ២០២១ នាបច្ចុប្បន្នកំពុងឧបត្ថម្ភមនុស្សចាស់ជាង ៣,៣ លាននាក់ ដែលមានអាយុលើសពី ៨០ ឆ្នាំ កុមារកំព្រា និងជនពិការ... ប្រសិនបើសេចក្តីព្រាងធ្វើវិសោធនកម្មសារាចរណ៍លេខ ២០ ត្រូវបានអនុម័តនោះ រំពឹងថានឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤ តទៅ៕
រដ្ឋាភិបាលវៀតណាមបានចាត់ឱ្យក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចស្រាវជ្រាវ និងលើកកំពស់ស្តង់ដារជំនួយសង្គម និងប្រាក់សោធនសង្គមសម្រាប់មនុស្សចាស់ជរា។ រូបថត៖ Chinhphu.vn |
ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចកំពុងបង្ហើយសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្មសារាចរណ៍លេខ ២០ (ខែកក្កដា ឆ្នាំ ២០២១) ស្តីពីគោលនយោបាយជំនួយសង្គមសម្រាប់មុខសញ្ញាជាច្រើនដែលទទួលបានជំនួយឧបត្ថម្ភពីថវិការដ្ឋ។ សេចក្តីព្រាងច្បាប់នេះស្នើជម្រើសពីរ ដើម្បីបង្កើនស្តង់ដារជំនួយសង្គមពី ៣៦ម៉ុនដុង (១៥ ដុល្លារអាមេរិក) ដល់ ៥០ម៉ឺនដុង (២១ ដុល្លារអាមេរិក) ឬ ៧៥ម៉ឺនដុង (ប្រហែល ៣២ ដុល្លារអាមេរិក) ក្នុងមួយខែ។
យោងតាមលោក Nguyen Hoang Vinh Thanh អនុប្រធាននាយកដ្ឋានផែនការហិរញ្ញវត្ថុ (ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច) បានឲ្យដឹងថា ស្តង់ដារជំនួយបច្ចុប្បន្នស្មើត្រឹមតែ ២៤% នៃស្ដង់ដារភាពក្រីក្រជនបទសម្រាប់ដំណាក់កាល ២០២២-២០២៥ (បច្ចុប្បន្នគឺ ១,៥ លានដុង)ក្នុងមនុស្សម្នាក់ក្នុងមួយខែ - ប្រហែល ៦៣ ដុល្លារ)។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ប្រាក់បៀវត្សរ៍មូលដ្ឋានត្រូវបានកែសម្រួលចំនួន ៦ ដង ប៉ុន្តែស្តង់ដារជំនួយសង្គមបានកើនឡើងត្រឹមតែ ២ ដងប៉ុណ្ណោះ។
ក្រៅពីផ្តល់អនុសាសន៍បង្កើនស្តង់ដារជំនួយ ក្រសួងក៏ស្នើឱ្យពង្រីកមុខសញ្ញាទទួលបានជំនួយសង្គមនាពេលខាងមុខផងដែរ។ លោក Nguyen Hoang Vinh Thanh បានឲ្យដឹងថា៖
“វិធានការដែលក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចកំពុងសិក្សាដាក់ជូនរដ្ឋាភិបាលគឺ៖ ក្រៅពីការបង្កើនកម្រិតប្រាក់ជំនួយពី ៣៦ម៉ឺនដុង/ម្នាក់/ខែ ដល់ ៥០ម៉ឺនដុង/ម្នាក់/ខែ គឺបំពេញបន្ថែមមុខសញ្ញាចំនួន ៣ ទៀត រួមមាន កុមារដែលមានស្ថានភាពរស់នៅលំបាក គ្មានអ្នកចិញ្ចឹមបីបាច់; កុមារអាយុក្រោម ៣ ឆ្នាំ; មនុស្សចាស់ដែលមានអាយុពី ៧៥ ទៅ ៨០ ឆ្នាំក្នុងគ្រួសារក្រីក្រនិងជិតបន្ទាត់ក្រីក្រ។ មានន័យថាបំពេញបន្ថែមមុខសញ្ញាចំនួន៣ទៀត បើធៀបនឹងក្រុមមុខសញ្ញាដែលមានចែងក្នុងសារាចរណ៍លេខ២០”។
សារាចរណ៍លេខ ២០ ដែលចូលជាធរមានពីខែកក្កដា ឆ្នាំ ២០២១ នាបច្ចុប្បន្នកំពុងឧបត្ថម្ភមនុស្សចាស់ជាង ៣,៣ លាននាក់ ដែលមានអាយុលើសពី ៨០ ឆ្នាំ កុមារកំព្រា និងជនពិការ... ប្រសិនបើសេចក្តីព្រាងធ្វើវិសោធនកម្មសារាចរណ៍លេខ ២០ ត្រូវបានអនុម័តនោះ រំពឹងថានឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤ តទៅ៕