ក្រសួងនគរបាលប្រគល់ផ្ទះគំរូ និងថវិកាជួយសាងសង់ផ្ទះចំនួន ១.២០០ខ្នង ជូនគ្រួសារក្រីក្រ ជួបការលំបាកលំនៅឋាននៅខេត្ត Dak Lak
(VOVWORLD) - ថវិកាអនុវត្តមានចំនួន ៦០ ពាន់លានដុង (ជាង ២,៤ លានដុល្លារអាមេរិក) ក្រសួងនគរបាលប្រមូលពីអាជីវកម្ម និងសប្បុរសជន។
តំណាងក្រសួងនគរបាល គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត Dak Lak និងអ្នកឧបត្ថម្ភបានប្រគល់ផ្ទះគំរូដល់គ្រួសារចំនួនពីរនៅស្រុក Cu M'gar (រូបថត៖ Tuan Long/VOV) |
នាថ្ងៃទី ២១ មីនា នៅស្រុក Cu M’gar ក្រសួងនគរបាលវៀតណាមបានសម្របសម្រួលជាមួយខេត្ត Dak Lak និងអង្គភាពអាជីវកម្ម រៀបចំពិធីបើកការដ្ឋាន ប្រគល់ផ្ទះគំរូ និងថវិកាឧបត្ថម្ភសម្រាប់ការសាងសង់ផ្ទះចំនួន ១.២០០ ខ្នងជូនគ្រួសារក្រីក្រ គ្រួសារដែលមាន ស្ថានភាពលំបាកលំនៅដ្ឋាន គ្រួសារគោលនយោបាយ និងជនជាតិភាគតិចក្នុងខេត្ត។ ថវិកាអនុវត្តមានចំនួន ៦០ ពាន់លានដុង (ជាង ២,៤ លានដុល្លារអាមេរិក) ក្រសួងនគរបាលប្រមូលពីអាជីវកម្ម និងសប្បុរសជន។ ផ្ទះនីមួយៗមានតម្លៃ ៨០ លានដុង (ជាង ៣,២ ពាន់ដុល្លារ); ក្នុងនោះក្រសួងនគរបាលបានឧបត្ថម្ភថវិកាចំនួន ៥០លានដុង (ជាង ២ពាន់ដុល្លារអាមេរិក) ថវិកាដែលនៅសេសសល់ដោយភ្នាក់ងារនគរបាលខេត្ត Dak Lak និងអាជ្ញាធរមូលដ្ឋាន ប្រមូលពីការរួមចំណែកក៏ដូចជាប្រភពកម្លាំងពលកម្មពីគ្រួសារ និងសហគមន៍ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ សមាជិកសហជីព និងយុវជនចូលរួមឧបត្ថម្ភផងដែរ។
ឧត្តមសេនីយឯក Luong Tam Quang អនុរដ្ឋមន្ត្រីក្រសួងនគរបាលបានថ្លែងអំណរគុណចំពោះម្ចាស់ជំនួយដែលបានជួយឧបត្ថម្ភសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រក្នុងខេត្ត Dak Lak (រូបថត៖ Tuan Long/VOV) |
ក្រោយការសាងសង់អស់រយៈពេល ១៥ ថ្ងៃ ផ្ទះគំរូចំនួន ២ នៅស្រុក Cu M'gar ត្រូវបានបង្ហើយរួចជាស្រេច។ ក្នុងពិធីនេះ អនុរដ្ឋមន្ត្រីក្រសួងនគរបាល លោកឧត្តមសេនីយ៍ឯក Luong Tam Quang និងថ្នាក់ដឹកនាំខេត្ត Dak Lak បានកាត់ខ្សែបូប្រគល់ផ្ទះទាំងពីរខ្នងនេះជូនប្រជាជន។ ក្រសួងនគរបាល និងខេត្ត Dak Lak ខិតខំបង្ហើយផ្ទះដែលនៅសេសសល់ចំនួន ១.១៩៨ខ្នងទៀត ក្នុងឱកាសខួបលើកទី៧៩ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ទី២ កញ្ញាខាងមុខ៕