កសាង “ទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចឌីជីថល-សេដ្ឋកិច្ចបៃតងរវាងវៀតណាម-សិង្ហបុរី“
(VOVWORLD) - តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ប្រធានាធិបតីសិង្ហបុរី លោកស្រី Halimah Yacob និងស្វាមី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សិង្ហបុរីមកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីនៅក្នុងពិធីទទួលបដិសណ្ឋារកិច្ចប្រធានាធិបតីសិង្ហបុរី លោកស្រី Halimah Yacob។ (រូបថត៖ VOV) |
នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការត្រូវបានរៀបចំឡើងយ៉ាងឱឡារិកនៅវិមានប្រធានរដ្ឋ។ បន្ទាប់ពីពិធីទទួល ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងប្រធានាធិបតីសិង្ហបុរី លោកស្រី Halimah Yacob បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរជួបពិភាក្សាការងារ។ លោកប្រធានរដ្ឋវៀតណាម បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលទាំងក្នុងកិច្ចការផ្ទៃក្នុង និងកិច្ចការបរទេសរបស់សិង្ហបុរី ហើយជូនពរសិង្ហបុរីឲ្យបានឆាប់សម្រេចបានគោលដៅ "ផែនការបៃតងឆ្នាំ ២០៣០" ដោយទទួលបានជោគជ័យក្នុងការកសាងប្រទេសកោះមួយដែលអភិវឌ្ឍន៍ប្រកបដោយចីរភាពជាមួយនឹងសេដ្ឋកិច្ចបៃតងនិងទំនើប។ លោកប្រធានរដ្ឋបានស្នើឱ្យសិង្ហបុរីបង្កលក្ខណៈអំណោយផល បើកចំហទីផ្សារថែមទៀតសម្រាប់ទំនិញវៀតណាមដូចជាកសិផល និងជលផល វាយនភណ្ឌ អាហារកែច្នៃ ជាដើម ក៏ដូចជាជួយវៀតណាមចូលរួមកាន់តែស៊ីជម្រៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលផងដែរ។
បន្ទាប់ពិពិធីទទួល ភាគីទាំងពីរបានជួបពិភាក្សាការងារ។ (រូបថត៖ VOV) |
ប្រធានាធិបតីសិង្ហបុរី លោកស្រី Halimah Yacob បានអបអរសាទរវៀតណាមដែលសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើនក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ការស្តារឡើងវិញនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងខ្លាំងក្លា; បញ្ជាក់ថា សិង្ហបុរីវាយតម្លៃខ្ពស់ ហើយមានបំណងចង់ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម។ ប្រធានាធិបតីសិង្ហបុរីបានគាំទ្រចំពោះសំណើរបស់ប្រធានរដ្ឋវៀតណាម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសិង្ហបុរីកាលពីខែកុម្ភៈ ឆ្នាំ
២០២២ តាមនោះសម្របសម្រួលដាក់ឲ្យដំណើរការប្រកបដោយប្រសិទ្ធភាពនូវវិស័យទាំង៧ នៃកិច្ចព្រមព្រៀងស្ដីពីការតភ្ជាប់សេដ្ឋកិច្ចវៀតណាម - សិង្ហបុរី ហើយពង្រីកកិច្ចសហប្រតិបត្តិការអំពីនវានុវត្តនភាព សេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរឌីជីថល ជាដើម ឆ្ពោះទៅរកការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរនៅលើផ្លាតហ្វមឌីជីថល។
មេដឹកនាំទាំងពីរអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងវៀតណាមនិងសិង្ហបុរី។ (រូបថត៖ VOV) |
មេដឹកនាំទាំងពីរបានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លា និងស្វាហាប់ក្នុងទំនាក់ទំនងទ្វេភាគី ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២២ សម្រេចបានចំនួនជិត ៧ ពាន់លានដុល្លាអាមេរិក កើនឡើង ១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។ សិង្ហបុរីបានរក្សាឋានៈជាវិនិយោគិនធំជាងគេនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយជាប់ចំណាត់ថ្នាក់ទី ២ ក្នុងចំណោមប្រទេសនិងតំបន់ដែនដីទាំង ១៣៩ ដែលវិនិយោគចូលមកវៀតណាម ជាមួយនឹងគម្រោងជាង ៣០០០ និងដើមទុនចុះបញ្ជីសរុបជាង ៧០ ពាន់លានដុល្លារអាមេរិក។ ភាគីទាំងពីរបានឯកភាពលើការស្រាវជ្រាវនិងកសាង “ទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចឌីជីថល - សេដ្ឋកិច្ចបៃតងវៀតណាម-សិង្ហបុរី” នាពេលខាងមុខ។
ផ្លាស់ប្ដូរមតិអំពីស្ថានភាពក្នុងតំបន់ និងអន្តរជាតិ មេដឹកនាំទាំងពីរបានបញ្ជាក់សារជាថ្មីម្ដងទៀតនូវគោលជំហរដ៏ឥតងាករេរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចំពោះសមុទ្រខាងកើត និងសារៈសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព សេរីភាពខាងនាវាចរណ៍ និងអាកាសចរណ៍; ការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។
នារសៀលថ្ងៃដដែល អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Pham Minh Chinh និងប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ក៏បានអញ្ជើញទទួលជួបប្រធានាធិបតីសិង្ហបុរី លោកស្រី Halimah Yacob ផងដែរ៕