ខេត្ត ក្រុងនានាចាំបាច់ត្រូវបង្កើនការធ្វើតេស្តដើម្បីរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ឲ្យបានទាន់ពេវេលា
(VOVWORLD) - ខេត្ត ក្រុងនានាចាំបាច់ត្រូវបង្កើនការធ្វើតេស្តនៅតាមតំបន់ ដែលមានគ្រោះអាសន្នឆ្លងជំងឺកូវីដ ១៩ ខ្ពស់ ដូចជាមន្ទីរពេទ្យ ស្ថានីយ៍រថភ្លើង ផ្សារ សំដៅរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ឲ្យបានទាន់ពេលវេលា។
លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam (រូបថត៖ VGP) |
នេះគឺជាសំណើររបស់លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ប្រធានគណកម្មាធិការជាតិ ដឹកនាំការបង្ការ ទប់ស្កាត់ជំងឺកូវីដ ១៩នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយខេត្តចំនួន ៥ គឺ៖ Quang Ngai Binh Thuan Khanh Hoa Binh Dinh និង Phu Yen ស្ដីពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ កាលពីរសៀលថ្ងៃទី ២៨ ខែមិថុនា។
នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំខេត្ត ក្រុងនានាបានអះអាងថា ស្ថានភាពជំងឺរាតត្បាតនៅតាមមូលដ្ឋានមានគ្រោះអាសន្នវិវឌ្ឍន៍យ៉ាងស្មុគស្មាញ។ ខេត្ត ក្រុងនានាបានស្នើឲ្យក្រសួងសុខាភិបាលដឹកនាំខេត្ត ក្រុង ដែលផ្ទុះជំងឺត្រូវពន្លឿនការធ្វើតេស្ត និងជូនដំណឹងអំពីលទ្ធផលដល់មជ្ឈមណ្ឌលពាក់ព័ន្ធ ដើម្បីតាមដានករណីឆ្លងជំងឺឲ្យទាន់ពេលវេលា។
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានលើកសំណើរថា៖ “យើងត្រូវបង្កើនការធ្វើតេស្តនៅតាមមន្ទីរពេទ្យ ក្នុងនោះមានទាំងខេត្ត ក្រុងណា ដែលមិនទាន់ផ្ទុះជំងឺរាតត្បាតទៀតផង។ ក្រសួងសុខាភិបាលបានដឹកនាំការងារនេះយ៉ាងហ្មត់ចត់ហើយ ពោលគឺត្រូវធ្វើតេស្ត Realtime – PCR និងធ្វើតេស្តអង់ទីហ្សែនរហ័ស តាមលទ្ធភាពរបស់ខ្លួន។ ទន្ទឹមនឹងនេះ យើងត្រូវធ្វើតេស្តនៅតាមស្ថានីយ៍រថភ្លើង រថយន្ត ភោជនីយដ្ឋាន និងផ្សារ ដែលមានគ្រោះអាសន្នខ្ពស់ជាប្រចាំផងដែរ”៕