ខេត្ត Quang Ninh៖ បើកពិធីបុណ្យប្រពៃណី Bach Dang ឆ្នាំ ២០២៤
(VOVWORLD) - នាយប់ថ្ងៃទី ១៤ ខែមេសា នៅឯតំបន់កេរ្តិ៍ដំណែលជាតិពិសេស Bach Dang ក្នុងទីរួមខេត្ត Quang Yen (ខេត្ត Quang Ninh) បានបើកពិធីបុណ្យ Bach Dang រំលឹកខួប ១០៨៦ ឆ្នាំ (៩៣៨ - ២០២៤); ១០៤៣ ឆ្នាំ (៩៨១ - ២០២៤) និង ៧៣៦ ឆ្នាំ (១២៨៨ - ២០២៤) នៃជ័យជំនះ Bach Dang ។
កម្មវិធីសិល្បៈក្នុងរាត្រីបើកពិធីបុណ្យ Bach Dang ឆ្នាំ ២០២៤។ រូបថត៖ សហការី Huyen Chi/VOV |
ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែមេសា (ពោលគឺថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែទីបីតាមច័ន្ទគតិ) ពិធីបុណ្យនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយមានពិធីរំលឹកដល់គុណូបការៈរបស់បុព្វបុរស ហើយបញ្ជាក់ពីអត្ថន័យនិងតម្លៃប្រវត្តិសាស្ត្ររបស់ជ័យជំនះ Bach Dang ក្នុងដំណើរការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានពីបរទេស ការពារប្រទេសជាតិ។
លោក Tran Duc Thang ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Quang Yen ខេត្ត Quang Ninh។ រូបថត៖ Huyen Chi/VOV |
លោក Tran Duc Thang ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Quang Yen ខេត្ត Quang Ninh បានចាត់ទុកថា៖ ពិធីបុណ្យនេះគឺជាឱកាសដើម្បីសម្តែងការដឹងគុណដល់បុព្វបុរស និងវីរបុរសជាតិដែលមានគុណូបការៈដ៏ធំធេងចំពោះប្រទេសជាតិ និងប្រជាជន៖ “កាលពីឆ្នាំមុន ទីរួមខេត្ត Quang Yen បានរៀបចំឯកសារដើម្បីដាក់បញ្ចូលកេរ្តិ៍ដំណែលជាតិពិសេស Bach Dang ទៅក្នុងសំណុំឯកសារនៃមណ្ឌលកេរ្តិ៍ដំណែលនិងរមណីយដ្ឋាន Yen Tu - Vinh Nghiem - Con Son, Kiep Bac ដើម្បីដាក់ជូនអង្គការវិទ្យាសាស្រ្ត អប់រំ និងវប្បធម៌ របស់អង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ជាបេតិកភណ្ឌពិភពលោក។ បច្ចុប្បន្ន ទីរួមខេត្ត Quang Yen កំពុងកែសម្រួលផែនការលម្អិតនិងសំណើរវិនិយោគបន្ថែមក្នុងដំណាក់កាលទី II នៃគម្រោងអភិរក្សនិងលើកកម្ពស់តម្លៃរបស់តំបន់កេរ្តិ៍ដំណែលជាតិពិសេស Bach Dang; ទន្ទឹមនឹងនោះ នាំយកកេរ្តិ៍ដំណែលជាតិពិសេស Bach Dang ឲ្យក្លាយទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ខេត្ត Quang Ninh នាពេលឆាប់ៗនេះ”៕