ខែមនុស្សធម៌ឆ្នាំ ២០២២៖ ជួយឧបត្ថម្ភដល់ប្រជានេសាទក្រីក្រ កុមារក្រីក្រនិងកុមារពិការ
(VOVWORLD) - ខែមនុស្សធម៌ឆ្នាំ ២០២២ ដែលដំណើរការពេញមួយខែឧសភានេះ រួមមានកម្មវិធីជាច្រើនដើម្បីជួយឧបត្ថម្ភដល់អ្នកដែលមានស្ថានភាពលំបាកត្រូវការជំនួយ។
ចាប់ផ្តើមជួសជុលផ្ទះសុវត្ថិភាពជូនប្រជានេសាទក្រីក្រនៅខេត្ត Thua Thien - Hue (រូបថត៖ VOV) |
ក្នុងខែនេះ សមាគមកាកបាទក្រហមវៀតណាមបានខិតខំកៀងគរធនធានចំនួន ៤០០ ពាន់លានដុង ដើម្បីជួយប្រជាជន ១ លាននាក់ ស្ថិតក្នុងស្ថានភាពលំបាក ក្នុងនោះមានអាស័យដ្ឋានមនុស្សធម៌ចំនួន ១០ ម៉ឺនកន្លែង។ ជាពិសេស សមាគមកាកបាទក្រហមវៀតណាមបានរួមបញ្ចូលកម្មវិធីសំខាន់ចំនួន២ គឺ “សុវត្ថិភាពសម្រាប់អ្នកនេសាទក្រីក្រនិងជួបការលំបាក” និង “អាហារូបត្ថម្ភសម្រាប់កុមារក្រីក្រ និងកុមារពិការ” ជាមួយនឹងកម្មវិធីខែមនុស្សធម៌ក្នុងឆ្នាំ ២០២២ ដោយក្តីប្រាថ្នាថា សង្គមទាំងមូលនឹងរួមដៃគ្នាជួយប្រជានេសាទក្រីក្រនិងលំបាកឲ្យមានក្តីទំនុកចិត្ត នឹងនរចិត្តចេញទៅនេសាទនៅលំហសមុទ្រ ច្បាមជាប់សមុទ្រ និងជួយលើកកំពស់អាហារូបត្ថម្ភសម្រាប់កុមារក្រីក្រ និងកុមារពិការ កែលំអរជីវភាពរស់នៅជាបណ្តើៗជូនដល់ពួកគេ។
ការដាក់ពង្រាយកម្មវិធី “សុវត្ថិភាពសម្រាប់អ្នកនេសាទក្រីក្រនិងលំបាក” កាកបាទក្រហមវៀតណាមមានគោលបំណងផ្តល់ចំណេះដឹងជំនួយដំបូង និងចំណេះដឹងផ្នែកច្បាប់សម្រាប់ក្រុមនាវិកនិងប្រជានេសាទ។ សាងសង់ផ្ទះសុវត្ថិភាពសម្រាប់គ្រួសារអ្នកនេសាទ ក៏ដូចជាផ្តល់អាវពោងសុវត្ថិភាព ថង់ថ្នាំសង្គ្រោះបឋម ... សម្រាប់អ្នកនេសាទ និងសមាជិកនាវិក។
សម្រាប់ការអនុវត្តកម្មវិធី "អាហារូបត្ថម្ភសម្រាប់កុមារក្រីក្រនិងកុមារពិការ" សមាគមមានគោលបំណង ជួយឧបត្ថម្ភអាហារូបត្ថម្ភសំខាន់ៗសម្រាប់កុមារក្រីក្រចំនួន ១ លាននាក់; បង្កើតនិងរក្សាអាហារដ្ឋានសង្គមចំនួន ២០ កន្លែង; ធនាគារអាហារចំនួន ២០ កន្លែងដែលផ្តល់អាហារដោយឥតគិតថ្លៃដល់កុមារ។ បង្រៀនចំណេះដឹង និងជំនាញដល់គ្រួសារ ១០ម៉ឺន ដើម្បីមើលថែកូននៅផ្ទះប្រកបដោយប្រសិទ្ធភាព...។
លោក Tran Quoc Hung អនុប្រធានសមាគមកាកបាទក្រហមវៀតណាមបានឲ្យដឹងថា៖ “តាមពិតទៅ ឥឡូវនេះ យើងបានរួមបញ្ចូលសកម្មភាពទាំងនេះ ដោយផ្តោតលើខេត្តជាប់មាត់សមុទ្រភាគកណ្តាល ជាមួយនឹងមុខសញ្ញាគឺប្រជានេសាទក្រីក្រ។ លើសពីនេះទៀត អ្នកដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩ ក៏នឹងក្លាយជាក្រុមអាទិភាពនៅក្នុងខែមនុស្សធម៌ឆ្នាំ ២០២២ ក៏ដូចជាកម្មវិធីសំខាន់ចំនួន២ ដែលបានលើកឡើងខាងលើផងដែរ”។
បន្ទាប់ពីខែមនុស្សធម៌ កម្មវិធីសំខាន់ៗចំនួនពីរ "សុវត្ថិភាពសម្រាប់អ្នកនេសាទក្រីក្រ និងជួបការលំបាក" និង "អាហារូបត្ថម្ភសម្រាប់កុមារក្រីក្រនិងកុមារពិការ" នឹងបន្តអនុវត្តន៍ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ៕