គណៈប្រតិភូរដ្ឋសភាវៀតណាមចូលរួមមហាសន្និបាត IPU-១៤៦
(VOVWORLD) - គណៈប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំដោយអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានចូលរួមពិធីបើកមហាសន្និបាត។
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man (រូបថត៖ vna) |
កាលពីយប់ថ្ងៃទី ១១ ខែមីនា - ម៉ោងក្នុងស្រុក មហាសន្និបាតលើកទី ១៤៦ នៃសហភាពអន្តរសភា (IPU) បានបើកយ៉ាងឱឡារិកនៅទីក្រុងម៉ាណាម៉ា ប្រទេសបារ៉ែន ដោយមានការចូលរួមរបស់ប្រតិភូប្រមាណ ២ ០០០ នាក់មកពីប្រទេសជិត ១៤០ រួមទាំងប្រធានរដ្ឋសភាចំនួន ៤៤ រូប និងអនុប្រធានរដ្ឋសភាប្រមាណ ៣០ រូប។ គណៈប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំដោយអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានចូលរួមពិធីបើកមហាសន្និបាត។ មុននេះ គណៈប្រតិភូបានចូលរួមកិច្ចប្រជុំអាស៊ាន+៣ និងកិច្ចប្រជុំក្រុមភូមិសាស្ត្រនយោបាយអាស៊ីប៉ាស៊ីហ្វិក ចូលរួមកិច្ចប្រជុំនៃវេទិកាសមាជិកសភាស្ត្រី។ បន្ទាប់ពីពិធីបើកសម័យប្រជុំ គណៈប្រតិភូនឹងចូលរួមសម័យប្រជុំពេញអង្គនៃមហាសន្និបាត ក្រុមប្រឹក្សាប្រតិបត្តិ គណៈកម្មាធិការអចិន្ត្រៃយ៍ វេទិកាសមាជិកសភាវ័យក្មេង និងសកម្មភាពនានាទៀត។
មហាសន្និបាត IPU-១៤៦ និងសន្និសីទពាក់ព័ន្ធដែលប្រព្រឹត្តទៅពីថ្ងៃទី ១១ ដល់ ១៥ មីនា បានផ្តោតទៅលើការពិភាក្សាលើប្រធានបទរួម "ការលើកកម្ពស់ការរួមរស់ដោយសន្តិភាព និងសង្គមបរិយាប័ន្ន៖ ការប្រយុទ្ធប្រឆាំងនឹងភាពមិនអត់ឱន"។ គណៈប្រតិភូមកពីសភា រួមទាំងគណៈប្រតិភូមកពីប្រទេសដែលមានជម្លោះនឹងចូលរួមក្នុងសម័យប្រជុំសំខាន់ៗជាច្រើន រួមទាំងសម័យប្រជុំលើប្រធានបទនៃភាពអាសន្ន សម័យប្រជុំពិសេសស្តីពីការទទួលខុសត្រូវក្នុងការអនុវត្តសេចក្តីសម្រេចរបស់ IPU; សន្និសិទស្តីពីបញ្ហាសន្តិសុខទាក់ទងនឹងការប្រឆាំងភេរវនិយម និងជ្រុលនិយម; សម័យប្រជុំពេញអង្គបានពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់សភាដើម្បីសម្រេចបាននូវតុល្យភាពកាបូនអវិជ្ជមាននៃព្រៃឈើ។ មហាសន្និបាតក៏នឹងពិភាក្សា សម្រេច និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពី "ការវាយប្រហារតាមអ៊ីនធឺណិត និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត៖ គ្រោះអាសន្នថ្មីចំពោះសន្តិសុខសកល"៕