គណៈប្រតិភូអារ៉ាប៊ីសាអូឌីត ទៅកាន់យេម៉ែនដើម្បីចរចាបទឈប់បាញ់ជាមួយក្រុម Houthi​

(VOVWORLD) - គណៈប្រតិភូអារ៉ាប៊ីសាអូឌីតបានមកដល់រដ្ឋធានី Sanaa របស់យេម៉ែន នាថ្ងៃទី ៩  ខែមេសា ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបទឈប់បាញ់ថ្មីជាមួយក្រុមឧទ្ទាម Houthi។ កាយវិការនេះបានកើតឡើងខណៈដែលអារ៉ាប៊ីសាអូឌីតកំពុងព្យាយាមស្វែងរកវិធីរួចផុតពីសង្រ្គាមស៊ីវិលនៅយេម៉ែន។
គណៈប្រតិភូអារ៉ាប៊ីសាអូឌីត ទៅកាន់យេម៉ែនដើម្បីចរចាបទឈប់បាញ់ជាមួយក្រុម Houthi​ - ảnh 1កងកម្លាំងគាំទ្រក្រុមឧទ្ទាម Houthi នៅរដ្ឋធានីសាណា។ (រូបថត៖ AFP/TTXVN)

មុននោះ តាមប្រភពមិនបញ្ចេញឈ្មោះក្នុងរដ្ឋាភិបាលយេម៉ែនកាលពីថ្ងៃទី ៨ មេសា បានបង្ហើបថា អារ៉ាប៊ីសាអូឌីត និងក្រុមឧទ្ទាម Houthis បានព្រមព្រៀងជាគោលការណ៍ចំពោះបទឈប់បាញ់រយៈពេល ៦ខែ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការចរចាដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ សំដៅបង្កើតដំណើរអន្តរកាលរយៈពេល ២ឆ្នាំ សម្រាប់ប្រទេសយេម៉ែន។ កិច្ចព្រមព្រៀងនេះត្រូវបានរំពឹងថា នឹងបំពេញតាមគោលដៅសំខាន់ៗរបស់ក្រុម Houthi រួមទាំងដកការរឹតបន្តឹងលើសកម្មភាពនៅព្រលានយន្តហោះ និងកំពង់ផែសមុទ្រដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុម Houthis ។

ក្រុម Houthis បានកាន់កាប់រដ្ឋធានីSanaa កាលពីឆ្នាំ ២០១៤ ដែលបង្កឱ្យមានជម្លោះជាមួយរដ្ឋាភិបាលយេម៉ែន ដែលត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ និងមានការគាំទ្រពីសម្ព័ន្ធភាពយោធាដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត។ បទឈប់បាញ់ដែលបានប្រកាសកាលពីជិតមួយឆ្នាំមុនបានកាត់បន្ថយយ៉ាងខ្លាំងនូវការប្រយុទ្ធគ្នាក្នុងប្រទេសយេម៉ែន ហើយភាគច្រើននៅតែត្រូវបានគោរពតាម បើទោះបីជាផុតកំណត់ក្នុងខែតុលា ឆ្នាំ ២០២២ ក៏ដោយ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ