គុយបាប្រកាសលទ្ធផលនៃការស៊ើបអង្កេតបឋម លើការផ្ទុះនៅរដ្ឋធានីហាវ៉ាណា
(VOVWORLD) - ខុទ្ទកាល័យប្រធានរដ្ឋគុយបាបានឲ្យដឹងថា ការលេចធ្លាយឧស្ម័នហ្គាស គឺជាមូលហេតុនៃហេតុការណ៍ឆេះផ្ទុះនៅវេលាម៉ោង ១០៖៥០នាទី (ម៉ោងក្នុងតំបន់) នៅសណ្ឋាគារលំដាប់ផ្កាយ ៥ Saratoga ដែលជារចនាសម្ព័ន្ធប្រវត្តិសាស្ត្រដ៏ល្បីល្បាញនៅកណ្តាលរដ្ឋធានី Havana ទល់មុខអគារ Capitolio។
សេចក្តីប្រកាសដែលបានបង្ហោះនៅលើបណ្តាញសង្គម Twitter របស់ខុទ្ទកាល័យប្រធានរដ្ឋគុយបា បានសរសេរថា៖ "លទ្ធផលនៃការស៊ើបអង្កេតបឋមបង្ហាញថា ហេតុការណ៍ផ្ទុះនេះបានកើតឡើងដោយការលេចធ្លាយឧស្ម័នហ្គាស" ហើយបានឲ្យដឹងថា "នឹងមានព័ត៌មានលម្អិតបន្ថែមទៀតក្នុងពេលឆាប់ៗនេះ" ។
ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់ទិន្នន័យស្ថិតិផ្លូវការរបស់ក្រសួងសុខាភិបាលគុយបា ដែលបង្ហាញថា ចំនួនជនរងគ្រោះដែលបានស្លាប់ដោយសារហេតុការណ៍ផ្ទុះនេះ កើនឡើងរហូតដល់ ១៨ នាក់ និងមនុស្សជាង ៥០ នាក់ផ្សេងទៀតរងរបួស។
ប្រជាជនដែលកំពុងរស់នៅ និងធ្វើការនៅក្នុងអគារក្បែរកន្លែងផ្ទុះត្រូវបានជម្លៀសចេញដើម្បីធានាសុវត្ថិភាព ខណៈពេលដែលស្ថាប័នមានសមត្ថកិច្ចគុយបាកំពុងចាប់ផ្តើមកម្មវិធីបរិច្ចាគឈាម ដើម្បីជួយឧបត្ថម្ភជនរងគ្រោះដែលរងរបួស៕