គ្រោះរញ្ជួយដីនៅទួរគី និងស៊ីរី៖រដ្ឋាភិបាលស៊ីរីអនុញ្ញាតឲ្យផ្តល់ជំនួយនៅទូទាំងប្រទេស
(VOVWORLD) - រដ្ឋាភិបាលស៊ីរីក៏បានប្រកាសថា នឹងបង្កើតមូលនិធិ ស្ដារតំបន់នានានៅស៊ីរី ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីគ្រោះរញ្ជួយដីដ៏កាចសាហាវ ដែលកើតមានឡើងនាព្រឹកព្រលឹមថ្ងៃទី ៦ ខែកុម្ភៈ។
តង់បណ្ដោះអាសន្នសម្រាប់អ្នកដែលផ្លាស់ទីលំនៅដោយការរញ្ជួយដីនៅ Jindayris ប្រទេសស៊ីរី កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបថត៖ AFP/VNA |
ទីភ្នាក់ងារសារព័ត៌មានផ្លូវការ SANA របស់ស៊ីរី កាលពីថ្ងៃទី ១០ កុម្ភៈបានផ្សាយព័ត៌មានថា៖ រដ្ឋាភិបាលស៊ីរីបានផ្ដល់សច្ចាប័នលើសេចក្ដីសម្រេចផ្ដល់ជំនួយឧបត្ថម្ភមនុស្សធម៌ដល់គ្រប់តំបន់នៅទូទាំងប្រទេស រួមទាំងតំបន់ស្ថិតនៅក្រៅការគ្រប់គ្រងរបស់រដ្ឋាភិបាលទៀតផង។ ទំនិញឧបត្ថម្ភនឹងត្រូវបានបែងចែក ដោយមានការជួយសម្រួលរបស់អង្គការសហប្រជាជាតិ អង្គការអឌ្ឍចន្ទក្រហមស៊ីរី និងសមាគមកាកបាទក្រហមអន្តរជាតិ សំដៅធានាថាទំនិញឧបត្ថម្ភទាំងនេះនឹងជូនដល់ដៃមនុស្សមានតម្រូវការ។
រដ្ឋាភិបាលស៊ីរីក៏បានប្រកាសថា នឹងបង្កើតមូលនិធិ ស្ដារតំបន់នានានៅស៊ីរី ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីគ្រោះរញ្ជួយដីដ៏កាចសាហាវ ដែលកើតមានឡើងនាព្រឹកព្រលឹមថ្ងៃទី ៦ ខែកុម្ភៈ។
ក្នុងពេលនោះ កាលពីថ្ងៃទី ១០ កុម្ភៈ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បានអំពាវនាវឱ្យមានបទឈប់បាញ់ភ្លាមមួយរំពេចនៅស៊ីរីសំដៅជួយសម្រួលដល់ការផ្ដល់ជំនួយដល់ជនរងគ្រោះដោយគ្រោះរញ្ជួយដី។
ក្នុងពេលនោះ កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានអំពាវនាវឱ្យបើកទីតាំងទទួលជំនួយឧបត្ថម្ភបន្ថែមនៅតាមច្រកទ្វារព្រំដែនស៊ីរី-ទួរគី ក្នុងបរិបទខ្វះខាតប្រភពជំនួយស្បៀងអាហារនៅភាគពាយ័ព្យស៊ីរី ទីកន្លែងដែលប្រជាជនចំនួន ៩០% បានពឹងផ្អែកលើជំនួយមនុស្សធម៌។
យោងតាមការធ្វើស្ថិតិ គិតត្រឹមម៉ោង ២០ ថ្ងៃទី ១០ កុម្ភៈ (ម៉ោង UTC) គ្រោះរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រ កើតមានឡើងនាថ្ងៃទី ៦ កុម្ភៈ បានបណ្ដាលឲ្យមនុស្សជាង ២៤ ពាន់នាក់នៅទួរគី និងស៊ីរីបាត់បង់ជីវិតហើយមនុស្សរាប់ពាន់នាក់ទៀតបានរងរបួស៕