គោលដៅខ្ពស់បំផុតក្នុងការអភិវឌ្ឍវិស័យកសិកម្មនិងជនបទគឺការលើកកម្ពស់ជីវភាពខាងសម្ភារៈនិងស្មារតីសម្រាប់ប្រជាជន
(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមសន្និសីទអនឡាញថ្នាក់ជាតិ បូកសរុបការងារឆ្នាំ ២០២១ និងអនុវត្តផែនការឆ្នាំ ២០២២ នៃវិស័យកសិកម្មនិងអភិវឌ្ឍន៍ជនបទ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចូលរួមសន្និសីទអនឡាញទូទាំងប្រទេស បូកសរុបការងារឆ្នាំ ២០២១ និងអនុវត្តផែនការឆ្នាំ ២០២២ នៃវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ (រូបថត៖ TTXVN) |
អញ្ជើញថ្លែងមតិក្នុងពិធី លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងសមិទ្ធិផលរួមរបស់ប្រទេសជាតិនៅឆ្នាំ ២០២១ នេះ វិស័យកសិកម្មបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយនឹងតួនាទីជា សសរស្តម្ភសេដ្ឋកិច្ចរបស់ប្រទេសក្នុងគ្រាលំបាក។ ដោយដោយកត់សម្គាល់ថា ឆ្នាំ ២០២២នេះ នៅតែមានការលំបាកនិងបញ្ហាប្រឈម លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យវិស័យកសិកម្មកំណត់គោលដៅខ្ពស់សម្រាប់ឆ្នាំ ២០២២ គឺកំណើន ៣% ឬច្រើនជាងនេះ ហើយការនាំចេញខ្ពស់ជាងឆ្នាំ ២០២១។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើតម្រូវការដើម្បីធ្វើពិពិធកម្មទីផ្សារ ធ្វើពិពិធកម្មនិងលើកកំពស់គុណភាពផលិតផល លើកកំពស់ការប្រកួតប្រជែងនៃឧស្សាហកម្មនិងផលិតផល ព្រមទាំងទាញយកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៧ ដែលវៀតណាមបានចុះហត្ថលេខា។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យផ្តោតលើការផ្លាស់ប្តូរឌីជីថលក្នុងវិស័យកសិកម្ម ដោយបែងចែកធនធានវិនិយោគដើម្បីឱ្យកសិករទទួលបានអត្ថប្រយោជន៍ពីការផ្លាស់ប្តូរឌីជីថល។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា គោលដៅចុងក្រោយគឺលើកកម្ពស់ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាពលរដ្ឋ។ ដូច្នេះត្រូវអនុវត្តជាបន្ទាន់នូវកម្មវិធីគោលដៅជាតិលើការកសាងជនបទថ្មី៕