ចិនចង់បញ្ចៀសការបង្កើនជម្លោះនៅឧបទ្វីបកូរ៉េ

(VOVWORLD) - ក្រសួងការបរទេសចិនបានឲ្យដឹងថា ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ មិនសមស្របនឹងផលប្រយោជន៍រួមរបស់ភាគីទាំងអស់ទេ ហើយអាទិភាពកំពូលគឺការជៀសវាងការកើនឡើងជម្លោះ។

ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែតជាប្រចាំនៅថ្ងៃទី ១៥ ខែតុលា អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Máo Níng បានឲ្យដឹងថា ក្នុងនាមជាអ្នកជិតខាងរបស់ឧបទ្វីប ចិនមានការព្រួយបារម្មណ៍ចំពោះការវិវត្តនៃស្ថានភាពនៅឧបទ្វីប និងនិន្នាការនៅក្នុងទំនាក់ទំនងកូរ៉េខាងជើង-កូរ៉េខាងត្បូង។ ភាពតានតឹងនៅលើឧបទ្វីបមិនសមស្របទៅនឹងផលប្រយោជន៍រួមរបស់ភាគីទាំងអស់ទេ អាទិភាពកំពូលគឺដើម្បីជៀសវាងការកើនឡើងនៃភាពតានតឹងបន្ថែមទៀត។ ជំហររបស់ចិនក្នុងការប្តេជ្ញារក្សាសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីប និងការលើកកម្ពស់ដំណោះស្រាយនយោបាយនៃបញ្ហាឧបទ្វីបនេះ នៅតែមិនផ្លាស់ប្តូរ។ ចិនសង្ឃឹមថា ភាគីទាំងអស់នឹងធ្វើការរួមគ្នាដើម្បីសម្រេចបាននូវគោលដៅនេះ។

ចិនចង់បញ្ចៀសការបង្កើនជម្លោះនៅឧបទ្វីបកូរ៉េ - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Máo Níng។ រូបថត៖ គេហទំព័រក្រសួងការបរទេសចិន

សូមគូសបញ្ជាក់ថា មុននោះ នាថ្ងៃទី ១១ខែតុលា ក្រសួងការបរទេសកូរ៉េខាងជើងបានចោទប្រកាន់កូរ៉េខាងត្បូងថា បានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដើម្បីជ្រៀតចូលដែនអាកាសរបស់ប្រទេសនេះ ហើយថា នេះជាទង្វើបង្ករឿងហេតុខាងនយោបាយនិងយោធា និងការរំលោភលើអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសកូរ៉េខាងជើង។ នៅថ្ងៃទី ១៥ ខែតុលា កូរ៉េខាងជើងបានបំផ្ទុះផ្នែកមួយនៃផ្លូវហាយវេអន្តរកូរ៉េភាគខាងជើងនៃបន្ទាត់កំណត់ព្រំដែនយោធារវាងប្រទេសទាំងពីរ។ កូរ៉េខាងត្បូងបានចោទប្រកាន់កូរ៉េខាងជើងថា បានរំលោភលើកិច្ចព្រមព្រៀងអន្តរកូរ៉េ ហើយបានបាញ់ព្រមាននៅភាគខាងត្បូងនៃខ្សែបន្ទាត់ព្រំដែនជាការឆ្លើយ តប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ