ចំនួនករណីឆ្លងជំងឺ COVID -19 សរុបនៅលើសកលលោកកើនឡើងជាង ៣,៤ លាននាក់
(VOVWORLD) - យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថាគិតត្រឹមព្រឹកថ្ងៃទី២ខែឧសភា ជំងឺ COVID-19 បានឆ្លងរីករាលដាលដល់ប្រទេសនិងតំបន់ដែនដី ២១២ នៅជុំវិញពិភពលោក ដោយមានអ្នកឆ្លងជាង ៣,៤ លាននាក់ និងជិត ២៤០.០០០ នាក់ត្រូវបានបាត់បង់ជីវិត ហើយជាង ១ លាននាក់ត្រូវបានព្យាបាលជាសះស្បើយផងដែរ។
សហរដ្ឋអាមេរិកនៅតែបន្តជាចំណុចកណ្តាលនៃការរីករាលដាលជំងឺនេះធំបំផុតនៅលើពិភពលោក បន្ទាប់មកគឺប្រទេសអេស្ប៉ាញ អ៊ីតាលី អង់គ្លេស អាល្លឺម៉ង់និងរុស្ស៊ី។ នាថ្ងៃទី ១ ខែឧសភាទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសំណង់និងលំនៅដ្ឋាននៃប្រទេសរុស្ស៊ី ដោយបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងនេះលោក Vladimir Yakushev និងអនុរដ្ឋមន្ត្រី លោក Dmitry Volkov ក៏បានធ្វើតេស្តវិជ្ជមានចំពោះវីរុស SARS-CoV- 2 ។
បច្ចុប្បន្ននេះប្រទេសរុស្ស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេសនៅអឺរ៉ុបដែលមានករណីឆ្លងវីរុស SARS-CoV-2 ជាច្រើន ដោយមានអ្នកឆ្លងចំនួន ១១៤.០០០ នាក់ផងដែរ៕