ចិនប្រកាន់យកនូវផ្លូវអភិវឌ្ឍន៍ដោយសន្តិភាព មានបំណងចង់ជំរុញកិច្ចសហប្រតិបតិ្តការជាមួយវៀតណាម

(VOVWORLD) -ចិនប្រកាន់យកនូវផ្លូវអភិវឌ្ឍន៍ដោយសន្តិភាព មានគោលបំណងចង់ជំរុញកិច្ចសហប្រតិបតិ្តការដើម្បីផលប្រយោជន៍ដូចគ្នាជាមួយវៀតណាម។ នេះជាការអះអាងរបស់ភារៈធារីនៃស្ថានទូតចិនប្រចាំវៀតណាមលោកស្រី Yin Haihong ក្នុងជំនួបប្រាស្រ័យជាមួយមជ្ឈដ្ឋានអ្នកយកព័ត៌មានវៀតណាមនាថ្ងៃទី១៣ មេសា នៅទីក្រុងហាណូយ។ 


ចិនប្រកាន់យកនូវផ្លូវអភិវឌ្ឍន៍ដោយសន្តិភាព មានបំណងចង់ជំរុញកិច្ចសហប្រតិបតិ្តការជាមួយវៀតណាម - ảnh 1ជំនួបនេះប្រព្រឹត្តទៅនៅស្ថានទូតចិនប្រចាំវៀតណាម (រូបថត៖ baoquocte.vn)

ជំនួបនេះគឺសំដៅផ្ដល់ព័ត៌មានស្ដីពីគោលនយោបាយផ្ទៃក្នុងនិងកិច្ចការបរទេសរបស់ចិនក្រោយពីសម័យប្រជុំលើកទី១មហាសន្និបាតតំណាងប្រជាជនទូទាំងប្រទេស (រដ្ឋសភា) ចិន នីតិកាលទី១៣ ក៏ដូចជាការរីកចម្រើនក្នុងទំនាក់ទំនងចិន-វៀតណាមផងដែរ។

        ស្ដីពីគោលនយោបាយផ្ទៃក្នុងនិងកិច្ចការបរទេសរបស់ចិន លោកស្រី Yin Haihong ឲ្យដឹងថា ចិនជឿជាក់ទៅលើអនាគតអភិវឌ្ឍរបស់ប្រទេសជាតិក្រោមការដឹកនាំរបស់អគ្គលេខា ប្រធានរដ្ឋចិនលោក Xi Jinping។ នាពេលខាងមុខ ចិនបន្តអនុវត្តន៍កំណែទម្រង់យ៉ាងទូលំទូលាយ នាំខឿនសេដ្ឋកិច្ចចិន តាំងពីដំណាក់កាលកំណើនលឿនទៅដល់ដំណាក់កាលអភិវឌ្ឍន៍ដោយគុណភាពខ្ពស់ ខំប្រឹងប្រែងដល់ឆ្នាំ២០២០ នឹងសម្រេចរួចរាល់ការកសាងសង្គមដោយមានប្រាក់ចំណូលមធ្យម។ ការកសាងទំនាក់ទំនងអន្តរជាតិបែបថ្មី និងជោគវាសនារួមរបស់មនុស្សលោក ប្ដេជ្ញាចិត្តប្រដេញតាមផ្លូវអភិវឌ្ឍន៍ដោយសន្តិភាពនោះគឺគោលដៅនៃគោលនយោបាយកិច្ចការបរទេសចិនក្នុងដំណាក់កាលខាង មុខ។

        ស្ដីពីទំនាក់ទំនងជាមួយវៀតណាម លោកស្រី Yin Haihong អះអាងថា៖

        “វៀតណាមជាប្រទេសជិតខាងដ៏ជិតស្និទ្ធរបស់ចិន។ យើងខ្ញុំគោរពទំនាក់ទំនងជាមួយ វៀតណាមជានិច្ច។ មានចំណុចចំនួន២ដែលនាងខ្ញុំចង់និយាយដល់ ទីមួយគឺបន្ទាប់ពីមហាសន្និបាតបក្សកុម្មុយនិស្តចិនលើកទី១៩ អគ្គលេខាលោក Xi Jinping បានជ្រើសរើសវៀតណាមជាប្រទេសដំបូងដែលលោកទៅបំពេញទស្សនកិច្ច។ ទី២គឺក្រោយពីសម័យប្រជុំលើកទី១ រដ្ឋសភាចិននីតិកាលទី១៣ រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi ក៏ទៅបំពេញទស្សនកិច្ចនៅវៀតណាមដែរ។ នោះគឺដំណើរទស្សនកិច្ចដំបូងរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលនីតិកាលថ្មីទៅកាន់ ឯបរទេស។ ដំណើរទស្សនកិច្ចទាំងពីរនេះបានបង្ហាញឲ្យឃើញនូវការគោរពរបស់បក្សនិងរដ្ឋាភិបាលចិនចំពោះវៀតណាម។ ដោយការជឿទុកចិត្តផ្នែកនយោបាយរវាង ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ដូច្នេះហើយទំនាក់ទំនងចិន-វៀតណាម កំពុងឈានចូលដំណាក់កាលថ្មីដ៏ល្អប្រសើរដោយឈរលើមូលដ្ឋានរឹងមាំ”៕


ប្រតិកម្មទៅវិញ

ផ្សេងៗ