ចិនប្រតិកម្មចំពោះការដែលឥណ្ឌាបញ្ជូនកងទ័ពបន្ថែមទៅកាន់ព្រំដែន
(VOVWORLD) - លោកស្រី Mao Ning ក៏បាននិយាយផងដែរថា សកម្មភាពរបស់ឥណ្ឌាមិនសមស្របនឹងការឯកភាពគ្នារវាងភាគីទាំងពីរ ដើម្បីរួមគ្នាកាត់បន្ថយភាពតានតឹងនៅព្រំដែន។
ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នាថ្ងៃទី ៨ មីនា នៅទីក្រុងប៉េកាំង (ប្រទេសចិន) អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានប្រកាសថា ការដែលឥណ្ឌាបានបង្កើនការដាក់ពង្រាយយោធានៅក្នុងតំបន់ព្រំដែនចិន-ឥណ្ឌា គឺមិនផ្តល់ផលប្រយោជន៍ដល់កិច្ចខិតខំប្រឹងប្រែងរបស់ចិន និងឥណ្ឌាក្នុងការបន្ធូរបន្ថយស្ថានភាពព្រំដែនឡើយ ហើយ ក៏មិនមានប្រយោជន៍ដល់ការរក្សាសន្តិភាព និងស្ថិរភាពនៅតំបន់ព្រំដែនចិន-ឥណ្ឌាផងដែរ។ លោកស្រី Mao Ning ក៏បាននិយាយផងដែរថា សកម្មភាពរបស់ឥណ្ឌាមិនសមស្របនឹងការឯកភាពគ្នារវាងភាគីទាំងពីរ ដើម្បីរួមគ្នាកាត់បន្ថយភាពតានតឹងនៅព្រំដែន។
មុននោះ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងឥណ្ឌាបានរាយការណ៍ថា ឥណ្ឌាបានបញ្ជូនកងទ័ពបន្ថែមប្រហែល ១ ម៉ឺននាក់ទៅកាន់តំបន់ព្រំដែនដែលកំពុងមានជម្លោះជាមួយចិន។ ទង្វើនេះអាចធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពស្មុគស្មាញ។ កាលពីខែមុន ចិន និងឥណ្ឌាបានយល់ព្រមរក្សាការសន្ទនាតាមរយៈបណ្តាញយោធា និងការទូត បន្ទាប់ពីកិច្ចចរចាកម្រិតមេបញ្ជាការកងពលលើកទី ២១ រវាងកងទ័ពទាំងពីរ៕