ចិន និងវៀតណាម រួមដៃគ្នាឆ្ពោះទៅរកទំនើបកម្ម
(VOVWORLD) - នៅខាងក្រៅនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping បានសរសេរអត្ថបទមួយចុះផ្សាយក្នុងកាសែត Nhan Dan (ប្រជាជន)។ នៅក្នុងអត្ថបទនោះ ប្រធានរដ្ឋចិនលោក Xi Jinping បានសង្កត់ធ្ងន់ថា៖ បក្ស និងរដ្ឋាភិបាលចិនតែងតែដាក់ទំនាក់ទំនងជាមួយវៀតណាមជាអាទិភាពក្នុងទំនាក់ទំនងជាមួយប្រទេសជិតខាង រួមដៃគ្នាយ៉ាងខ្ជាប់ខ្ជួនលើមាគ៌ាសង្គមនិយម។
ដើម្បីរក្សាការផ្លាស់ប្តូរយុទ្ធសាស្ត្រ ប្រធានរដ្ឋចិនលោក Xi Jinping បានជឿជាក់ថា ភាគីទាំងពីរត្រូវបន្តរក្សាការផ្លាស់ប្តូរយុទ្ធសាស្ត្រកម្រិតខ្ពស់; រួមគ្នាយ៉ាងខ្ជាប់ខ្ជួនលើមាគ៌ាសង្គមនិយមស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រទេសនីមួយៗ និងសម្របសម្រួលឱ្យបានល្អនូវបញ្ហាធំៗពីរគឺការអភិវឌ្ឍ និងសន្តិសុខ; បង្កើនការជួបប្រាស្រ័យមិត្តភាព; គ្រប់គ្រងការខ្វែងគំនិតគ្នានៅសមុទ្រឱ្យបានគ្រប់គ្រាន់។ ប្រធានរដ្ឋចិនបានសង្កត់ធ្ងន់ថា ចិននឹងរក្សាការបន្ត និងស្ថិរភាពនៃគោលនយោបាយការបរទេសជិតខាងរបស់ខ្លួន និងរួមគ្នាជំរុញដំណើរការទំនើបកម្មអាស៊ី។
ក្នុងឱកាសនេះ ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានរបស់វិទ្យុសម្លេងវៀតណាម អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម លោក Nguyen Minh Vu បានចាត់ទុកថា៖ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping គឺជាសញ្ញាសម្គាល់ជាវត្តិសាស្ត្រថ្មីក្នុងទំនាក់ទំនងទ្វេភាគី។
អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម លោក Nguyen MinhVu
|
តាមរយៈដំណើរទស្សនកិច្ចលើកនេះ ថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរនឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសម្រាប់អនាគតយូរអង្វែងនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរតាមទិសដៅប្រកបដោយនិរន្តរភាព ខ្លឹមសារ និងប្រសិទ្ធភាពជាង៖ “យើងសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរនឹងបង្កើតឱកាសបន្ថែមទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងពិភាក្សាអំពីទិសដៅសំខាន់ៗ ព្រមទាំងវិធានការដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរនាពេលខាងមុខ។ ឯកសារមួយចំនួនធំត្រូវបានចុះហត្ថលេខាលើកនេះ រួមចំណែក បង្កើតមូលដ្ឋានសំខាន់មួយសម្រាប់ស្ថាប័ន មូលដ្ឋាន ប្រជាជន និងធុរកិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការកាន់តែមានប្រសិទ្ធភាពលើគ្រប់វិស័យ”។
ទន្ទឹមនឹងនោះ អ្នកជំនាញ និងធុរកិច្ចចិនរំពឹងថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោក Xi Jinping នឹងជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងវៀតណាម និងចិន៕