ឆ្នាំថ្មី ឆ្នាំសកល២០២១៖ មេដឹកនាំពិភពលោកផ្ញើសារនៃក្តីសង្ឃឹមនិងសាមគ្គីភាព
(VOVWORLD) - នាឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ មេដឹកនាំពិភពលោកជាច្រើនបានផ្ញើសារអបអរសាទរចំពោះប្រជាជនរបស់ខ្លួន ដោយបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការនាំប្រទេសឲ្យកាន់តែមានវិបុលភាពហើយជឿជាក់ថា ឆ្នាំ ២០២១ គឺជាឆ្នាំចាប់ផ្តើមនៃក្តីសង្ឃឹមថ្មី បន្ទាប់ពីមួយឆ្នាំដែលពិភពលោកប្រឈមមុខនឹងជំងឺរាតត្បាតកូវីដ ១៩។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin |
យ៉ាងណាមិញ រោគរាតត្បាតកូវីដ ១៩ មិនទាន់បញ្ចប់នៅឡើយទេ ហើយការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតក៏មិនឈប់មួយវិនាទីណាមួយទេ ប៉ុន្តែដល់ឆ្នាំ ២០២១ ប្រជាជនរុស្ស៊ីនឹងអាចជំនះរាល់ការលំបាកនិងស្តារជីវភាពធម្មតាតាមរយៈការខិតខំប្រឹងប្រែង និងការមូលមតិគ្នាពីប្រជា ជនទាំងអស់។ នេះជាសារដែលប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ផ្ញើជូនប្រជាជនគ្រប់រូបមុនពេលឆ្លងឆ្នាំថ្មី។ លោកប្រធានាធិបតីរុស្ស៊ីរូបនេះបានកោតសរសើរជាពិសេសចំពោះគុណសម្បត្តិរបស់បុគ្គលិកពេទ្យ ដែលជាខ្សែប្រយុទ្ធជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត កូវីដ ១៩។
នៅប្រទេសចិន លោកប្រធានរដ្ឋចិនស៊ីជីនពីងបានថ្លែងសុន្ទរកថាអំណរឆ្នាំថ្មីនៅលើទូរទស្សន៍រដ្ឋ ដោយបង្ហាញពីសមិទ្ធិផលក្នុងការប្រឆាំងនឹងរោគរាតត្បាតកូវីដ ១៩ ការស្តារសេដ្ឋកិច្ចនិងការកាត់បន្ថយភាពក្រីក្រក្នុងឆ្នាំ ២០២០។ ថ្នាក់ដឹកនាំចិនរូបនេះបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជនចិនទាំងមូល និងសាមគ្គីភាពរបស់សហគមន៍អន្តរជាតិក្នុងការកំចាត់ជំងឺរាតត្បាតនេះ។
នៅក្នុងសុន្ទរកថាអំណរឆ្នាំថ្មីចុងក្រោយ ក្នុងនាមជាអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានពិពណ៌នាថា កិតត្រឹមបច្ចុប្បន្ន ឆ្នាំ ២០២០ គឺជាឆ្នាំដ៏លំបាកបំផុតក្នុងរយៈពេល ១៥ ឆ្នាំដែលលោកស្រីដឹកនាំប្រទេស។ ប៉ុន្តែលោកស្រីរូបនេះក៏បានបញ្ជាក់ថា ការចាប់ផ្តើមយុទ្ធនាការចាកវ៉ាក់សាំងការពារកូវីដ ១៩ នឹងធ្វើឱ្យឆ្នាំ ២០២១ ក្លាយទៅជាឆ្នាំនៃក្តីសង្ឃឹម៕