ជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ជាសក្ខីភាពនៃចំណងសាមគ្គីភាពរបស់អាស៊ាន
(VOVWORLD) - កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦សម្រេចបានជោគជ័យដ៏ល្អប្រសើរហើយស្មារតីស្ថាបនានិងភាពស្អិតរមួតរវាងប្រទេសជាសមាជិកអាស៊ានទាំងអស់ត្រូវបានបង្ហាញយ៉ាងច្បាស់នៅកិច្ចប្រជុំលើកនេះ។
លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីនៅសន្និសីទសារព័ត៌មានជូនដំណឹងពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦។ (រូបថត៖ VGP) |
នេះបើតាមការអះអាងរបស់លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc និងជាប្រធានអាស៊ានឆ្នាំ២០២០ នៅសន្និសីទសារព័ត៌មានអន្តរជាតិដែលបានរៀបចំឡើងនារសៀលថ្ងៃទី២៦ មិថុនា នៅទីក្រុងហាណូយ។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ក្នុងអំឡុងពេល៥០ឆ្នាំចាប់ពីការបង្កើតមក នេះជាលើកដំបូងហើយដែលអាស៊ានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូយ៉ាងដូច្នេះ ក៏ប៉ុន្តែថ្នាក់ដឹកនាំអាស៊ានទាំងអស់សុទ្ធតែចូលរួមយ៉ាងគ្រប់គ្រាន់ហើយសម្រេចបានឯកភាពជាដាច់ខាតលើបញ្ហាសំខាន់ៗរបស់អាស៊ាន។ នេះជាសក្ខីភាពនៃចំណងសាមគ្គីភាពរបស់អាស៊ាន។ ដោយឈរលើស្មារតីនោះ អង្គប្រជុំបានឯកភាពលើខ្លឹមសារចំនួន៥ រួមមាន៖ ផ្ដោតសារសំខាន់លើការរុញថយក្រោយជម្ងឺរាតត្បាហើយបង្កើនកិច្ចសហប្រតិបត្តិការក្នុងប្លុកអាស៊ាន បន្តកសាងសហគមន៍យ៉ាងរឹងមាំដល់ឆ្នាំ២០២៥ ចក្ខុវិស័យដល់ឆ្នាំ២០៣០ ពង្រីកនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងអាស៊ានជាមួយដៃគូនានាដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក អាស៊ានអះអាងនូវការរក្សាបរិយាកាសសន្តិភាពនិងកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍ ហើយអាស៊ានលើកត្រដែតការគោរពច្បាប់ក្នុងបញ្ហានានាដែលនៅតែមានភាពខុសប្លែកគ្នាក្នុងតំបន់។
នៅសន្និសីទសារព័ត៌មាននេះដែរ ឆ្លើយសំណួរស្ដីពីទស្សនៈរបស់អាស៊ានក្នុងបរិបទដែលពិភពលោកមានការប្រកួតប្រជែងយុទ្ធសាស្ត្រជាច្រើនរវាងប្រទេសជាមហាអំណោចនានា លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា អាស៊ានតែងតែមានបំណងចង់កសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកមួយប្រកបដោយសន្តិភាព ស្ថិរភាព សហប្រតិបត្តិការដើម្បីរួមគ្នាអភិវឌ្ឍ ហេតុដូច្នេះប្រាកដថា អាស៊ានមិនចង់ត្រូវជ្រើសរើសភាគីណាមួយឡើយ។ វៀតណាមមានគោលបំណងថា អាមេរិកនិងចិននឹងជំនះពុះពារលើការខ្វែងគំនិតគ្នាដើម្បីកសាងទំនុកចិត្ត ជំរុញកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍រួមរបស់ពិភពលោក។
ទិដ្ឋភាពនៃសន្និសីទសារព័ត៌មាន។ |
ក្រៅពីនោះ លោកនាយករដ្ឋមន្រ្តីវៀតណាមក៏បានសង្កត់ធ្ងន់ដែរថា សន្តិភាព សន្តិសុខក្នុងតំបន់និយាយរួមនិងនៅសមុទ្រខាងកើតនិយាយដោយឡែកគឺជាផលប្រយោជន៍រួមរបស់សហគមន៍អាស៊ានផងដែរ។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖
“អង្គប្រជុំបានអះអាងសារជាថ្មីម្ដងទៀតនូវការប្ដេជ្ញាចិត្តរបស់អាស៊ានក្នុងការរួមចំណែកកសាងតំបន់សមុទ្រខាងកើតឲ្យក្លាយទៅជាតំបន់សមុទ្រមួយនៃកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ សន្តិសុខនិងសុវត្ថិភាព។ ជំងឺរាតត្បាត Covid-19 បានបណ្ដាលឲ្យកិច្ចចរចាអំពីក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) រងការរអាក់រអួល។ ក្នុងបរិបទនោះ វៀតណាមរួមជាមួយអាស៊ាននឹងសហប្រតិបត្តិការជាមួយដៃគូនានាដើម្បីអំពាវនាវឲ្យរក្សាភាពអត់ធ្មត់ មិនធ្វើឲ្យសភាពការណ៍នៅសមុទ្រស្មុគស្មាញថែមទៀត។ យើងខ្ញុំនឹងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិ (DOC) ហើយដំណើរការចរចាអំពី COC ប្រកបដោយប្រសិទ្ធភាពនិងស្របទៅតាមច្បាប់អន្តរជាតិនាពេលខាងមុខ ដើម្បីធានាឲ្យសមុទ្រខាងកើតជាតំបន់សមុទ្រនៃសន្តិភាពនិងការអភិវឌ្ឍជារៀងរហូត៕