ជួបជុំអ្នកការទូត អបអរសាទរទិវានារីអន្តរជាតិ
(VOVWORLD) - នាថ្ងៃទី ២១ មិនា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីជួបជុំអ្នកការទូតនារី ក្នុងឱកាសរំលឹកខួបលើកទី ១១៣ នៃទិវាអន្តរជាតិនារី (៨ មីនា ១៩១០ - ៨ មីនា ២០២៣)។
តំណាងការទូតថតរូបអនុស្សាវរីយ៍។ រូបថត៖ VOV |
កម្មវិធីនេះត្រូវបានរៀបចំឡើងដោយគណៈកម្មការនារីនៃក្រសួងការបរទេស សហការជាមួយក្រុមស្ត្រីនៃប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុងហាណូយ មជ្ឈមណ្ឌលស្រាវជ្រាវដង្កូវនាងមជ្ឈិម និងម៉ាកយីហោសូត្រ De Silk ក្នុងគោលបំណងគោរព និងបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ស្ត្រីក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
ព្រឹត្តិការណ៍នេះគឺជាឱកាសសម្រាប់ឯកអគ្គរដ្ឋទូតស្ត្រី ភរិយាឯកអគ្គរដ្ឋទូត និងតំណាងស្ត្រីនៃអង្គការអន្តរជាតិនានានៅវៀតណាម ស្វែងយល់អំពីវិស័យដាំមនចិញ្ចឹមដង្កូវនាង និងផលិតផលសូត្រលំដាប់ខ្ពស់របស់វៀតណាម។ នេះក៏ជាផលិតផលដ៏ពេញនិយមនៅក្នុងផ្នែកជាច្រើននៃពិភពលោក ដោយនាំវៀតណាមចូលទៅក្នុងក្រុមប្រទេសឈានមុខគេចំនួន ៤ ក្នុងការអភិវឌ្ឍវិស័យសូត្រ ការចិញ្ចឹមដង្កូវនាង និងការនាំចេញផលិតផលសូត្រ។ ថ្លែងមតិក្នុងពិធីនេះ លោកស្រី Elisa Fernandez Saenz ប្រធានតំណាងស្ត្រីនៃអង្គការសហប្រជាជាតិ (UN Women) ប្រចាំនៅវៀតណាម បានចែករំលែកថា៖
“វប្បធម៌អាចជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការលើកកម្ពស់យុត្តិធម៌ និងសមភាពក្នុងសង្គម។ តាមខ្ញុំដឹង សូត្រដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាព វប្បធម៌ និងសេដ្ឋកិច្ចនៅវៀតណាម ហើយបានក្លាយទៅជានិមិត្តសញ្ញាសម្រាប់ស្ត្រី រួមជាមួយចលនាជាច្រើនសម្រាប់ស្ត្រី។ ស្ត្រីវៀតណាមដែលប្រកបរបរដាំដើមមន និងចិញ្ចឹមដង្កូវនាង បានរួមចំណែកជាច្រើនដល់សង្គម រួមទាំងបង្កើតលក្ខខណ្ឌសិក្សាសម្រាប់កុមារីផងដែរ។ សម្លឹងមើលទៅអនាគត ខ្ញុំសង្ឃឹមថា វិស័យសូត្ររបស់វៀតណាមនឹងបន្តជាស្ពានសម្រាប់សមភាព និងវិបុលភាពសម្រាប់មនុស្សជំនាន់ក្រោយ”៕