ជប៉ុនអះអាងថាមិនមានផែនការចូលរួមអង្គការណាតូឡើយ
(VOVWORLD) - ថ្លែងទៅកាន់រដ្ឋសភាជប៉ុនកាលពីថ្ងៃទី២៤ ឧសភា នាយករដ្ឋមន្ត្រី លោក Fumio Kishida បានឲ្យដឹងថា ប្រទេសនេះមិនមានផែនការចូលរួមជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ ) ក្នុងនាមជាសមាជិកពេញសិទ្ធិឫមិនពេញសិទ្ធិនោះទេ។
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ក្នុងសម័យប្រជុំរដ្ឋសភានៅទីក្រុងតូក្យូ។ រូបថត៖ AFP/VNA |
ប៉ុន្តែលោកក៏បានឲ្យដឹងថា អង្គការណាតូគ្រោងនឹងបើកការិយាល័យទំនាក់ទំនងនៅប្រទេសជប៉ុន។ ការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រី Fumio Kishida ត្រូវបានធ្វើឡើងបន្ទាប់ពីឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅសហរដ្ឋអាមេរិកកាលពីដើមខែឧសភានេះបានប្រកាសថា អង្គការណាតូគ្រោងនឹងបើកការិយាល័យដំបូងបង្អស់នៅតំបន់អាស៊ី ក្នុងទីក្រុងតូក្យូ ដើម្បីជួយសម្រួលដល់ការពិគ្រោះយោបល់ក្នុងតំបន់។
ប្រតិកម្មទៅនឹងព័ត៌មាននេះ នាថ្ងៃទី២៤ខែឧសភានេះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានអំពាវនាវឱ្យទីក្រុងតូក្យូ មានភាព"ប្រុងប្រយ័ត្ន" ក្នុងការសម្រេចចិត្តរបស់ខ្លួន ដែលទាក់ទងនឹងសន្តិសុខយោធា ហើយបានសង្កត់ធ្ងន់ថា តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនស្វាគមន៍ការប្រឈមមុខដាក់គ្នាផ្នែកយោធា ជាមួយបណ្តាប្រទេសលោកខាងលិចឡើយ។
ទីភ្នាក់ងារសារព័ត៌មានក្យូដូបានរាយការណ៍ថា លោក Kishida កំពុងត្រៀមខ្លួន ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូក្នុងខែកក្កដានៅប្រទេសលីទុយអានី។ នៅខាងក្រៅកិច្ចប្រជុំនេះ លោក Kishida ត្រូវបានរំពឹងថានឹងមានកិច្ចប្រជុំទ្វេភាគីជាមួយអគ្គលេខាធិការណាតូ លោក Jens Stoltenberg ដើម្បីពិភាក្សាអំពីផែនការបើកការិយាល័យទំនាក់ទំនងរបស់អង្គការណាតូនៅទីក្រុងតូក្យូ៕