ជប៉ុន និងសហរដ្ឋអាមេរិកពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងសមត្ថភាពការពារជាតិ
(VOVWORLD) - នាថ្ងៃទី ២៣ ឧសភា នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio និងប្រធានាធិបតីអាមេរិកលោក Joe Biden បានឯកភាពគ្នាពង្រឹងអំណាចសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio (ស្តាំ) ជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden នៅទីក្រុងតូក្យូ (រូបថត៖ AFP/VNA) |
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួម បន្ទាប់ពីកិច្ចចរចានៅទីក្រុងតូក្យូ នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida បានលើកច្បាស់ថា៖ ក្នុងបរិបទ ដែលបរិយាកាសសន្តិសុខក្នុងតំបន់កាន់តែអាក្រក់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ជប៉ុន និងសហរដ្ឋអាមេរិកចាំបាច់ត្រូវពង្រឹងការឆ្លើយតបរបស់សម្ព័ន្ធភាពជប៉ុន សហរដ្ឋអាមេរិក ហើយអះអាងពីការប្ដេជ្ញាចិត្ត"ពង្រឹងសមត្ថភាពការពារជាតិជាមូលដ្ឋានរបស់ជប៉ុន" ។ លើសពីនេះទៅទៀត ថ្នាក់ដឹកនាំជប៉ុនក៏បានឲ្យដឹងថា ភាគីទាំងពីរបាន "អះអាងសារជាថ្មីម្ដងទៀត ការហាមប្រាមដាច់ខាតរាល់ការខិតខំប្រឹងប្រែង សំដៅផ្លាស់ប្ដូរស្ថានការណ៍ដោយកម្លាំងអាវុធ មិនថានៅទីណាឡើយ"។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានប្រឆាំងជំទាស់រាល់ការខិតខំប្រឹងប្រែងយ៉ាងដូច្នេះនៅសមុទ្រខាងកើត និងសមុទ្រ Hoa Tung ផងដែរ។
ថ្នាក់ដឹកនាំជប៉ុន និងសហរដ្ឋអាមេរិកបានចែករំលែកក្តីព្រួយបារម្ភអំពីកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ ស.ប.ប។ យោងតាមនាយករដ្ឋមន្ត្រី Kishida បានឲ្យដឹងថា លោកប្រធានាធិបតី Biden ក៏បាន សម្តែង ការគាំទ្រ ចំពោះ ការដែលជប៉ុនក្លាយជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។
ទាក់ទងនឹងក្របខ័ណ្ឌសេដ្ឋកិច្ចមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក (IPEF) - គំនិត ផ្តួចផ្តើមតភ្ជាប់សេដ្ឋកិច្ចថ្មីរបស់សហរដ្ឋអាមេរិកនោះ លោកនាយករដ្ឋមន្ត្រី Kishida បានឲ្យដឹងថាថា ជប៉ុននឹងចូលរួមក្នុងក្របខ័ណ្ឌនេះផងដែរ៕