ជម្លោះនៅតំបន់ហ្គាហ្សា៖ រដ្ឋមន្ត្រីអ៊ីស្រាអែលអំពាវនាវឱ្យដំណើរការសង្គ្រាមដើម្បីកំទេចកងកម្លាំង Hezbollah នៅលីបង់
(VOVWORLD) - Hezbollah កំពុងដុតបំផ្លាញអ៊ីស្រាអែល ហើយអ៊ីស្រាអែលត្រូវបើកប្រតិបត្តិការយោធាខ្លាំងជាងនេះ ទៅលើប្រទេសលីបង់ ដើម្បីកំទេចកម្លាំងនេះតែម្ដង។
រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិរបស់អ៊ីស្រាអែល លោក Itamar Ben Gvir។ (រូបថត៖ RTE) |
នេះជាសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិរបស់អ៊ីស្រាអែល លោក Itamar Ben Gvir កាលពីថ្ងៃទី ៤ ខែមិថុនា បន្ទាប់ពីចុះត្រួតពិនិត្យទីក្រុង Kiryat Shmona ជាតំបន់មួយក្នុងចំណោមតំបន់ដែលមានភ្លើងឆេះព្រៃយ៉ាងធ្ងន់ធ្ងរដោយសារការវាយប្រហារដោយគ្រាប់រ៉ុក្កែតកាលពីថ្ងៃទី ២ ខែមិថុនា របស់កងកម្លាំង Hezbollah ទៅលើភាគខាងជើងអ៊ីស្រាអែល។
យោងតាមភ្នាក់ងារគ្រប់គ្រងធម្មជាតិ និងឧទ្យានអ៊ីស្រាអែល ការវាយប្រហារដោយគ្រាប់រ៉ុក្កែត និងយន្តហោះដ្រូនដោយកងកម្លាំង Hezbollah កាលពីថ្ងៃទី ២ ខែមិថុនា បានបណ្តាលឱ្យមានភ្លើងឆេះទ្រង់ទ្រាយធំជាច្រើននៅក្នុងតំបន់ Galilee និងខ្ពង់រាប Golan ភាគខាងជើងនៃប្រទេសអ៊ីស្រាអែល។ គិតត្រឹមថ្ងៃទី ៤ មិថុនា អគ្គីភ័យបានឆេះបំផ្លាញព្រៃឈើជិត ២.៥០០ ហិកតា រួមទាំងតំបន់អភិរក្សធម្មជាតិមួយចំនួនផងដែរ។
ការប្រយុទ្ធគ្នាឆ្លងព្រំដែនរវាងកងកម្លាំងអ៊ីស្រាអ៊ែល និងកងកម្លាំង Hezbollah នៅក្នុងប្រទេសលីបង់ បានផ្ទុះឡើងកាលពីថ្ងៃទី ៨ ខែតុលាឆ្នាំមុន ត្រឹមមួយថ្ងៃបន្ទាប់ពីកងទ័ពអ៊ីស្រាអែល បើកយុទ្ធនាការវាយលុកចូលទៅក្នុងតំបន់ហ្គាហ្សា។ មេដឹកនាំក្រុម Hezbollah បានបញ្ជាក់ថា ក្រុមនេះត្រឹមតែពិចារណាបញ្ឈប់ការវាយប្រហារលើអ៊ីស្រាអែល ដរាបណាកងទ័ពអ៊ីស្រាអែលបញ្ចប់យុទ្ធនាការយោធា ប្រឆាំងនឹងជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា៕