ជម្លោះហាម៉ាស់-អ៊ីស្រាអែល៖ ការដើរដង្ហែរនៅតាមប្រទេសជាច្រើនដើម្បីអំពាវនាវឱ្យឈប់បាញ់នៅហ្គាហ្សា
(VOVWORLD) - ការដើរដង្ហែរជាបន្តបន្ទាប់បានធ្វើឡើងនៅចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ សហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀតកាលពី ថ្ងៃទី ៤ខែវិច្ឆិកា ដើម្បីអំពាវនាវឱ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សាក្នុងបរិបទដែលជម្លោះកំពុងកើនឡើងនៅទីនេះ។
នៅចក្រភពអង់គ្លេស ទូរទស្សន៍បានបង្ហាញរូបភាពហ្វូងមនុស្សអង្គុយនៅមុខស្ថានីយ៍រថភ្លើង Oxford និងទីលាន Piccadilly បន្ទាប់មកគេដើរដង្ហែរទៅកាន់ទីលាន Trafalgar នៅកណ្តាលទីក្រុងឡុងដ៍។ កងកម្លាំងសន្តិសុខបានចាប់ខ្លួនមនុស្ស ២៩ នាក់ដែលកាន់បដាជាមួយនឹងពាក្យសំដីស្អប់ខ្ពើម។ ការដើរដង្ហែរគាំទ្រប្រជាជនប៉ាឡេស្ទីនក៏បានធ្វើឡើងនៅក្នុងទីក្រុងជាច្រើនផ្សេងទៀតរបស់អង់គ្លេសដូចជា Sheffield, Manchester និង Glasgow។
ប៉ូលិសបារាំងបង្ក្រាបហ្វូងបាតុករជ្រុលនិយមនៅទីក្រុងប៉ារីស ដែលប្រឆាំងជំទាស់ជម្លោះហាម៉ាស់-អ៊ីស្រាអែល នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។ (រូបថត៖ AFP/VNA) |
នៅប្រទេសបារាំង មនុស្សចំនួន ១៩ ពាន់នាក់បានដើរដង្ហែរនៅរដ្ឋធានីប៉ារីស ខណៈដែលសហជីព CGT បានប៉ាន់ប្រមាណថាមនុស្សរហូតដល់ ៦ ម៉ឺននាក់បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ បាតុករបានប្រមូលផ្តុំគ្នានៅកណ្តាលរដ្ឋធានីដើម្បីអំពាវនាវឱ្យមានបទឈប់បាញ់ជាមួយនឹងពាក្យស្លោក "បញ្ឈប់អំពើហិង្សា" និង "លែងធ្វើអ្វី លែងនិយាយអ្វីក៏មានទោស"។ នេះជាការដើរដង្ហែរដ៏ធំបំផុតមួយក្នុងទីក្រុងប៉ារីស ចាប់តាំងពីជម្លោះហាម៉ាស់-អ៊ីស្រាអែលបានកើនឡើងកាលពីដើមខែមុន។ យោងតាមប៉ូលីស មនុស្សប្រហែល ៥០០០ នាក់ក៏បានចូលរួមដើរដង្ហែរនៅក្នុងទីក្រុង Lyon ផងដែរ។
នៅប្រទេសអាឡឺម៉ង់ មនុស្សប្រហែល ៩០០០ នាក់នៅទីក្រុងប៊ែរឡាំង និង ១៧ ពាន់នាក់នៅទីក្រុង Duesseldorf បានចូលរួមដើរដង្ហែរ។ នៅសហរដ្ឋអាមេរិក មនុស្សរាប់ពាន់នាក់ក៏បានដើរដង្ហែរនៅរដ្ឋធានីវ៉ាស៊ីនតោណ ដើម្បីអំពាវនាវឱ្យមានបទឈប់បាញ់នៅហ្គាហ្សា៕