ជម្លោះហាម៉ាស-អ៊ីស្រាអែល៖ ប្រទេសជាច្រើនបានជម្លៀសពលរដ្ឋចេញពីអ៊ីស្រាអែល
(VOVWORLD) - នាថ្ងៃទី ៩ ខែតុលា ប្រទេសហុងគ្រីបានប្រកាសរៀបចំជើងហោះហើរចំនួនពីរដើម្បីជម្លៀសពលរដ្ឋចំនួន ២១៥នាក់ចេញពីប្រទេសអ៊ីស្រាអែល ហើយពលរដ្ឋទាំងនេះបានចុះចតដោយសុវត្ថិភាពនៅទីក្រុង Budapest ។
មុននោះ កាលពីថ្ងៃទី ៨ ខែតុលា ប្រទេសប៉ូឡូញបានបញ្ជូនយន្តហោះយោធាទៅជម្លៀសពលរដ្ឋប្រហែល ២០០ នាក់ ពីអាកាសយានដ្ឋាន Ben Gurion ។
អ្នកដំណើររង់ចាំនៅអាកាសយានដ្ឋាន Ben Gurion ក្នុងទីក្រុង Tel Aviv នៅពេលដែលជើងហោះហើរជាច្រើនត្រូវបានលុបចោល ដោយសារតែជម្លោះ។ រូបថត៖ AFP/TTXVN |
ប្រទេសថៃក៏កំពុងសម្របសម្រួលជាមួយភាគីជាច្រើន និងអនុវត្តវិធានការជាបន្ទាន់ដើម្បីធានាសុវត្ថិភាពនិងការជម្លៀសពលរដ្ឋរបស់ខ្លួនក្នុងប្រទេសអ៊ីស្រាអែល ក្នុងបរិបទដែលជម្លោះកាន់តែខ្លាំងឡើងរវាងក្រុមហាម៉ាសនិងកងទ័ពអ៊ីស្រាអែល។ កាលពីថ្ងៃទី ៨ ខែតុលា ឧបនាយករដ្ឋមន្ត្រីថៃ Phumtham Wechayachai បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាលើស្ថានភាពថ្មីបំផុតក្នុងប្រទេសអ៊ីស្រាអែល។ កងទ័ពថៃបានបញ្ជាឱ្យយន្តហោះដឹកជញ្ជូនយោធា C-១៣០ ចំនួន ៥ គ្រឿង និងយន្តហោះដឹកអ្នកដំណើរ Airbus ៣៤០ មួយគ្រឿងទៀត ត្រៀមខ្លួនជាស្រេចដើម្បីជម្លៀសពលករថៃ បន្ទាប់ពីអ៊ីស្រាអែលបើកដែនអាកាសរបស់ខ្លួន។
ក្នុងពេលជាមួយគ្នានោះ ជម្លោះរវាងអ៊ីស្រាអែលនិងចលនាអ៊ីស្លាមហាម៉ាស កំពុងក្លាយជាកត្តាដែលមានឥទ្ធិពលយ៉ាងខ្លាំងដល់តម្លៃប្រេង និងមាស។
នៅទ្វីបអាស៊ី ក្នុងវគ្គជួញដូរនាព្រឹកថ្ងៃទី ៩ ខែតុលា តម្លៃប្រេង Brent បានកើនឡើង ៤,៧% ឡើងដល់ ៨៦,៦៥ ដុល្លារ/បារ៉ែល ខណៈដែលតម្លៃប្រេងឆៅអាមេរិក (WTI) ក៏បានកើនឡើង ៤,៥% ឡើងដល់ ៨៨,៣៩ដុល្លារ/បារ៉ែល។ អ្នកវិភាគរបស់ធនាគារ ANZ ជឿជាក់ថា ហានិភ័យផ្នែកភូមិសាស្ត្រនយោបាយកំពុងកើនឡើងនៅមជ្ឈិមបូព៌ានឹងធ្វើឲ្យតម្លៃប្រេងមានការប្រែប្រួលកាន់តែខ្លាំងនាពេលអនាគតដ៏ខ្លីខាងមុខ៕