ជម្លោះហាម៉ាស - អ៊ីស្រាអែល៖ ប្រទេសកាតាមានសុទិដ្ឋិនិយមនឹងសម្រេចបានកិច្ចព្រមព្រៀងស្តីពីចំណាប់ខ្មាំងក្នុងពេលឆាប់ៗនេះ
(VOVWORLD) - នាយករដ្ឋមន្ត្រីកាតា លោក Mohammed bin Abdulrahman Al Thani កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា បានឲ្យដឹងថាកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងដែលក្រុមហាម៉ាស់បានចាប់ខ្លួនក្នុងអំឡុងពេលនៃការវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា បច្ចុប្បន្ន ត្រូវតែផ្តោតលើការដោះស្រាយឲ្យបានរួចរាល់នូវបញ្ហាជាក់ស្តែងនៅសេសសល់តិចតួចប៉ុណ្ណោះ។
ប្រជាជនភ័យស្លន់ស្លោបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើមន្ទីរពេទ្យក្នុងទីក្រុងហ្គាហ្សា កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។ រូបថត៖ AFP/TTXVN |
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក Josep Borrell តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប (EU) ទទួលបន្ទុកគោលនយោបាយការបរទេសនិងសន្តិសុខ នាយករដ្ឋមន្ត្រីកាតាបានឲ្យដឹងថា “បញ្ហាដែលនៅសេសសល់ក្នុងកិច្ចចរចានៅមានតិចតួចណាស់ ដែលភាគច្រើនទាក់ទងនឹងភស្តុភារនិងស្ថានភាពជាក់ស្តែង»។ យោងតាមមេដឹកនាំកាតាផងដែរ កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងបានប្រឈមមុខនឹងហានិភ័យនៃការដួលរលំជាច្រើនដងក្នុងប៉ុន្មានសប្តាហ៍កន្លទៅ ប៉ុន្តែឥឡូវនេះលោកជឿជាក់ថា ភាគីនានាជិតសម្រេចបានកិច្ចព្រមព្រៀងនាំចំណាប់ខ្មាំងវិលត្រឡប់មកផ្ទះវិញ ប្រកបដោយសុវត្ថិភាព។
រីឯខ្លួនវិញ លោក Josep Borrel បានឲ្យដឹងថា ត្រូវចាត់ទុកបញ្ហាមនុស្សធម៌នៅតំបន់ហ្គាហ្សាគឺជាជំហានដំបូងក្នុងដំណោះស្រាយនយោបាយ ហើយបន្ទាប់មកគឺជាដំណោះស្រាយរដ្ឋពីរ ដើម្បីបញ្ឈប់ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន៕