ជម្លោះហាម៉ាស - អ៊ីស្រាអែល៖ អ៊ីស្រាអែលវាយប្រហារលើ​គោលដៅមួយ​ចំនួន​របស់​​កម្លាំង​ Hezbollah នៅប្រទេស​លីបង់

(VOVWORLD) - នៅព្រឹកថ្ងៃទី ១៧ ខែតុលា កងទ័ពអ៊ីស្រាអែលបានប្រកាសពីការវាយប្រហារពេញមួយយប់ ទៅលើគោលដៅមួយចំនួនរបស់កងកម្លាំង Hezbollah ក្នុងប្រទេសលីបង់។

ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះជាមួយចលនាអ៊ីស្លាមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា ការប៉ះទង្គិចគ្នានៅតាមព្រំដែនអ៊ីស្រាអែល-លីបង់បានធ្វើឱ្យមនុស្ស ១០ នាក់បានស្លាប់នៅភាគីទាំងសងខាង។ បច្ចុប្បន្ន អ៊ីស្រាអែលបានចាប់ផ្តើមជម្លៀសជនស៊ីវិលរាប់ពាន់នាក់នៅក្នុងទីតាំងចំនួន២៨ នៅភាគខាងជើងប្រទេសនេះ បន្ទាប់ពីការប៉ះទង្គិចគ្នា។

ជម្លោះហាម៉ាស - អ៊ីស្រាអែល៖ អ៊ីស្រាអែលវាយប្រហារលើ​គោលដៅមួយ​ចំនួន​របស់​​កម្លាំង​ Hezbollah នៅប្រទេស​លីបង់ - ảnh 1ផ្សែងហុយចេញពីការបាញ់ផ្លោងរបស់អ៊ីស្រាអែលលើក្រុង Dahaira ភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ រូបថត៖ Hussein Malla/AP

នៅក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធមួយទៀត កាលពីថ្ងៃទី ១៦ ខែតុលា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងមកដល់អ៊ីស្រាអែលនៅថ្ងៃទី ១៨ ខែតុលា។ លោក ប្រធានាធិបតី Biden ត្រូវបានរំពឹងថា នឹងមានកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះ លោក Benjamin Netanyahu និងមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលជាច្រើនទៀត។

ទាក់ទងនឹងសកម្មភាពផ្តល់ជំនួយមនុស្សធម៌ អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit កាលពីថ្ងៃទី ១៦ ខែតុលា បានអំពាវនាវឱ្យបើកច្រករបៀងសុវត្ថិភាពដើម្បីដឹកជញ្ជូនទំនិញជួយសង្គ្រោះទៅកាន់ប្រជាជននៅតំបន់ហ្គាហ្សា។ ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីយុត្តិធម៌នៃបណ្តាប្រទេសអារ៉ាប់ លោក Ahmed Aboul Gheit បានសម្តែងការព្រួយបារម្ភចំពោះការបិតជិតទាំងស្រុងរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ដែលបានកាត់ផ្តាច់ប្រភពទឹក ម្ហូបអាហារ អគ្គិសនី និងប្រេងឥន្ធនៈនៅទីនេះ។

នៅក្នុងការវិវឌ្ឍន៍គួរឱ្យកត់សម្គាល់មួយទៀត កងពលតូចអត្តឃាត al-Qassam នៃចលនាហាម៉ាសកាលពីថ្ងៃទី ១៧ ខែតុលា បានប្រកាសថា ឈ្លើយសឹកដែលក្រុមនេះកំពុងឃុំខ្លួនក្នុងអំឡុងពេលវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា មិនមែនជាជនជាតិអ៊ីស្រាអែលនោះទេ ហើយនឹងត្រូវបាន al-Qassam ពិចារណាដោះលែង ដោយផ្អែកលើការវិវឌ្ឍន៍ជាក់ស្តែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ