ជម្លោះហាម៉ាស - អ៊ីស្រាអែល ៖ WHO វាយតម្លៃថា ប្រព័ន្ធសុខាភិបាលនៅហ្គាហ្សាភាគខាងត្បូងកំពុងដួលរលំយ៉ាងឆាប់រហ័ស

(VOVWORLD) - មន្ត្រីអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ៩ ខែមករា បានសម្តែងការព្រួយបារម្ភអំពីលទ្ធភាពដែលប្រព័ន្ធមន្ទីរពេទ្យនៅភាគខាងត្បូងហ្គាហ្សាដួលរលំ ខណៈដែលជម្លោះរវាងចលនាអ៊ីស្លាមហាម៉ាសនិងអ៊ីស្រាអែល កាន់តែកើនឡើងៗនៅតំបន់ជុំវិញទីក្រុង Khan Younis។ បច្ចុប្បន្ន បុគ្គលិកពេទ្យនិងអ្នកជំងឺជាច្រើននាក់ត្រូវជម្លៀសចេញដើម្បីការពារអាយុជីវិត។
ជម្លោះហាម៉ាស - អ៊ីស្រាអែល ៖ WHO វាយតម្លៃថា ប្រព័ន្ធសុខាភិបាលនៅហ្គាហ្សាភាគខាងត្បូងកំពុងដួលរលំយ៉ាងឆាប់រហ័ស - ảnh 1ជនរងគ្រោះដែលរងរបួសពីជម្លោះនៅតំបន់ហ្គាហ្សា ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅ Khan Younis នៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN

ថ្លែងក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណែតពីទីក្រុងហ្សឺណែវ (ស្វីស) អ្នកសម្របសម្រួលនៃក្រុមសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោក WHO លោក Sean Casey បានសង្កត់ធ្ងន់ថា ស្ថានភាពពិតជាគួរឱ្យព្រួយបារម្ភនៅជុំវិញមន្ទីរពេទ្យជាច្រើន។ អរិភាពបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ នៅតំបន់ក្បែរមន្ទីរពេទ្យ European Gaza ក្នុងទីក្រុង Khan Younis។ អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ប្រព័ន្ធសុខាភិបាលនៅទីនេះកំពុងដួលរលំយ៉ាងឆាប់រហ័ស។ លោក Sean Casey បានបន្ថែមថា អ្នកជំងឺប្រហែល ៦០០ នាក់ត្រូវជម្លៀសចេញពីមូលដ្ឋានសុខាភិបាល។

កាលពីថ្ងៃទី ៩ ខែមករា អាជ្ញាធរសុខាភិបាលនៅតំបន់ហ្គាហ្សាបានប្រកាសអំពីតួរលេខថ្មីដែលបង្ហាញថា ជនជាតិប៉ាឡេស្ទីនសរុបចំនួន ២៣.២១០ នាក់បានស្លាប់ និង ៥៩.១៦៧នាក់រងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី ៧ ខែតុលាឆ្នាំមុន បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយក្រុមហាម៉ាសនៅលើទឹកដីអ៊ីស្រាអែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ