ជម្លោះអ៊ីស្រាអ៊ែល-ហាម៉ាស៖ អ៊ីរ៉ង់​ព្រមាន​នឹង​វាយបក ដែល​ធ្វើឱ្យអ៊ីស្រាអែល "ភ្ញាក់ផ្អើល​ជាអតិបរមា"

(VOVWORLD) - ថ្លែងទៅកាន់កាសែត Wall Street Journal របស់អាមេរិកកាលពីថ្ងៃទី ២១ ខែសីហា បេសកកម្មរបស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ប្រទេសនេះនឹងឆ្លើយតបទៅនឹងការធ្វើឃាតរបស់អ៊ីស្រាអែលលើមេដឹកនាំនយោបាយក្រុមហាម៉ាស់ Ismail Haniyeh កាលពីថ្ងៃទី ៣១ ខែកក្កដា ជាមួយនឹងការវាយប្រហារដែលបង្កការភ្ញាក់ផ្អើលជាអតិបរមា។

ដូច្នេះ ការវាយប្រហាររបស់អ៊ីរ៉ង់អាចនឹងធ្វើឡើងដោយកម្លាំងទ័ពជើងគោក ទ័ពអាកាស ឬកម្លាំងទាំងពីរឬដោយវិធីផ្សេងទៀតដែលធានានូវការភ្ញាក់ផ្អើលជាអតិបរមាសម្រាប់អ៊ីស្រាអែល។ ទោះជាយ៉ាងណាក៏ដោយ តំណាងអ៊ីរ៉ង់នៅអ.ស.បក៏បានអះអាងថា ការឆ្លើយតបនេះនឹងត្រូវបានគណនាយ៉ាងប្រុងប្រយ័ត្ន ដើម្បីជៀសវាងការប៉ះពាល់ដល់លទ្ធភាពឈានដល់កិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សា។

ប្រតិកម្មចំពោះសេចក្តីប្រកាសនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា អ៊ីស្រាអែលត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបរាល់ការគំរាមកំហែង ហើយបានបដិសេធព័ត៌មានថា ទីក្រុង Tel Aviv បានយល់ព្រមដកកងទ័ពចេញពីព្រំដែនរវាងហ្គាហ្សានិងអេហ្ស៊ីប ជាផ្នែកមួយនៃកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុមហាម៉ាស។

នាពីថ្ងៃទី ២១ សីហា កងទ័ពអ៊ីស្រាអែលបានធ្វើការវាយប្រហារលើគោលដៅប្រហែល ៣០ នៅទូទាំងតំបន់ហ្គាហ្សា រួមទាំងផ្លូវរូងក្រោមដី ទីតាំងបាញ់បង្ហោះ និងប៉ុស្តិ៍សង្កេតការណ៍ ដោយបានកំទេចខ្មាន់កាំភ្លើងរាប់សិបនាក់ និងរឹបអូសអាវុធរួមមាន គ្រឿងផ្ទុះ គ្រាប់បែកដៃ និងកាំភ្លើងស្វ័យប្រវត្តិ។ តួរលេខស្ថិតិពីអាជ្ញាធរសុខាភិបាលហ្គាហ្សាបានកត់ត្រាថា ជនប៉ាឡេស្ទីនចំនួន៥០នាក់បានស្លាប់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ក្នុងនោះរួមទាំងកុមារ ១០ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ