ជម្លោះ ហាម៉ាស- អ៊ីស្រាអែល៖ អ៊ីស្រាអែលពន្យារពេលអនុវត្តន៍បទឈប់បាញ់នៅតំបន់ហ្គាហ្សា
(VOVWORLD) - នាព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា អាជ្ញាធរអ៊ីស្រាអែលបានឲ្យដឹងថា ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំងដោយចលនាអ៊ីស្លាមហាម៉ាសនឹងមិនប្រព្រឹត្តទៅនៅមុនថ្ងៃទី២៤ វិច្ឆិកាឡើយ បើទោះបីជាភាគីទាំងពីរបានឯកភាពគ្នាលើបទឈប់បាញ់ជាបណ្ដោះអាសន្នសម្រាប់ហេតុផលមនុស្សធម៌ក៏ដោយ។
សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែល លោក Tzachi Hanegbi កាលពីយប់ថ្ងៃទី ២២ ខែវិច្ឆិកា បានបញ្ជាក់ពីការដោះលែងចំណាប់ខ្មាំងដែលក្រុមហាម៉ាស់ចាប់ខ្លួនតាំងពីជម្លោះបានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា នឹងមិនអាចប្រព្រឹត្តិទៅមុនថ្ងៃទី២៤ វិច្ឆិកានោះទេ ប៉ុន្តែនឹងប្រព្រឹត្តិទៅតាមកិច្ចព្រមព្រៀងតាំងពីដើម រវាងភាគីទាំងពីរ។ លោកបានបញ្ជាក់ថា ការសន្ទនាស្តីពីការដោះលែងចំណាប់ខ្មាំងកំពុងត្រូវបានជំរុញ និងរក្សាជាបន្តបន្ទាប់។
ផ្សែងហុយចេញពីតំបន់ហ្គាហ្សា នៅថ្ងៃទី ២២ ខែវិច្ឆិកា។ រូបថត៖ AP |
យោងតាមកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ភាគីទាំងពីរនឹងផ្អាកការប្រយុទ្ធគ្នារយៈពេល ៤ ថ្ងៃនៅតំបន់ហ្គាហ្សា ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌។ ក្នុងអំឡុងពេលបទឈប់បាញ់ ក្រុមហាម៉ាស់នឹងដោះលែងមនុស្សយ៉ាងហោចណាស់ ៥០ នាក់ក្នុងចំណោមចំណាប់ខ្មាំង ២៤០ នាក់ដែលខ្លួនបានចាប់ឃុំខ្លួនចាប់តាំងពីជម្លោះបានកើតឡើង។ ទន្ទឹមនឹងនេះ អ៊ីស្រាអែលក៏នឹងដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន ១៥០នាក់ ក្នុងនោះមានកុមារ និងស្ត្រីជាច្រើននាក់ផងដែរ។ នេះត្រូវបានចាត់ទុកថាជារបកគំហើញដ៏សំខាន់ដំបូងគេក្នុងកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបញ្ចប់ជម្លោះនៅតំបន់ហ្គាហ្សា ដោយហេតុនេះជួយត្រួសត្រាយផ្លូវសម្រាប់រថយន្តជំនួយមនុស្សធម៌រាប់រយគ្រឿង ថ្នាំពេទ្យ និងប្រេងឥន្ធនៈចូលទៅកាន់គ្រប់តំបន់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប៕