ជ័យជំនះ Dien Bien Phu៖ ភាពក្លាហាននិងឈ្លាសវៃរបស់វៀតណាម
(VOVWORLD) - Dien Bien Phu គឺជាជ្រលងភ្នំធំមួយនៅភាគខាងលិចនៃតំបន់ភ្នំភាគពាយ័ព្យនៃប្រទេសវៀតណាមដែលមានប្រវែងប្រហែល ២០ គីឡូម៉ែត្រ ទទឹង ៦-៨ គីឡូម៉ែត្រ និងមានចម្ងាយប្រហែល ២០០ គីឡូម៉ែត្រពីទីក្រុងហាណូយ។
យោងតាមការវាយតម្លៃរបស់ឧត្តមសេនីយ H.Navarre និងអ្នកជំនាញយោធាបារាំង-អាមេរិក, Dien Bien Phu គឺជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់សមរភូមិឥណ្ឌូចិននិងអាស៊ីអាគ្នេយ៍ ដែលស្ថិតនៅលើខ្សែអ័ក្សដឹកជញ្ជូនតភ្ជាប់តំបន់ព្រំដែនឡាវ ថៃ ភូមា ( មីយ៉ាន់ម៉ា) និងចិន។ ដូច្នេះ បន្ទាប់ពីដណ្តើមបានទីក្រុង Dien Bien Phu នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ កងទ័ពបារាំងបានបង្កើនកម្លាំងទ័ព សព្វាវុធ និងបរិក្ខារយោធាច្រើន ដោយបានសាងសង់បន្ទាយនិងផ្គត់ផ្គងសម្ភារៈផ្សេងៗទៀត ដើម្បីប្រែក្លាយ Dien Bien Phu ទៅជាមូលដ្ឋានយោធាដ៏រឹងមាំបំផុតមួយនៅឥណ្ឌូចិន។
ចំណែកភាគីវៀតណាមវិញ ការដែលកងទ័ពបារាំងលោតឆ័ត្រយោងដណ្តើមយកទីក្រុង Dien Bien Phu ឡើងវិញ មិនបណ្តាលឲ្យមានភាពច្របូកច្របល់សម្រាប់ផែនការយុទ្ធសាស្ត្រ ១៩៥៣-១៩៥៤ នៃអគ្គបញ្ជាការដ្ឋានកងទ័ពប្រជាជនវៀតណាមឡើយ សូម្បីតែនៅទិសពាយ័ព្យក៏ដោយ។ ជាមួយនឹងពាក្យស្លោក "ទាំងអស់គ្នាដើម្បីខ្សែប្រយុទ្ធជួរមុខ ទាំងអស់គ្នាដើម្បីជ័យជំនះ!” ប្រទេសទាំងមូលផ្តោតកម្លាំងសម្រាប់សមរភូមិ Dien Bien Phu។ ក្រោយការប្រយុទ្ធគ្នាអស់រយៈពេល ៥៦ ថ្ងៃ យប់ នៅរសៀលថ្ងៃទី ៧ ឧសភា ឆ្នាំ ១៩៥៤ វៀតណាមបានកាន់កាប់ទីស្នាក់ការរបស់សត្រូវ ឧត្តមសេនីយ៍ Do Cat រួមជាមួយអគ្គសេនាធិការដ្ឋាននិងទាហានទាំងមូលនៃបន្ទាយ Dien Bien Phu ត្រូវចុះចាញ់។ ទង់ “ប្តេជ្ញាប្រយុទ្ធ - ប្តេជ្ញាឈ្នះ” របស់កងទ័ពវៀតណាមបានបក់លើដំបូលនៃលេណដ្ឋានបញ្ជារបស់សត្រូវ។ យុទ្ធនាការ Dien Bien Phu ឈ្នះទាំងស្រុង។
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៦៨ នៃទិវាជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២២) ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានចុះផ្សាយអត្ថបទវិចារណកថា បញ្ជាក់អំពីជ័យជំនះ Dien Bien Phu៖ ភាពក្លាហាន និងភាពឈ្លាសវៃរបស់វៀតណាម។ ទន្ទឹមនឹងនោះ នៅលើទំព័រមុខរបស់កាសែត Nhan Dan និងកាសែតកងទ័ពប្រជាជនក៏មានអត្ថបទព័ត៌មាន រូបថតជាច្រើន ដែលបញ្ជាក់ពីគោលមាគ៌ាតស៊ូប្រយុទ្ធដ៏ត្រឹមត្រូវនិងច្នៃប្រឌិតរបស់បក្សនិងលោកប្រធានហូជីមិញ។ អត្ថបទទាំងនេះបានគូសបញ្ជាក់ថា ជ័យជម្នះ Dien Bien Phu បានលើកកំពស់គោលជំហររបស់វៀតណាមក្នុងឆាកអន្តរជាតិ។ ជ័យជំនះ Dien Bien Phu គឺជាសន្ទុះនៃកម្លាំងជាតិនិងសម័យកាល ការដឹកនាំដ៏ឈ្លាសវៃរបស់បក្សគឺជាកត្តាមូលដ្ឋាន បង្កើតកម្លាំងរបស់វៀតណាម អត្តសញ្ញាណវប្បធម៌ការពារប្រទេសគឺឈរលើស្មារតីស្នេហាជាតិ; កត្តាទាំងនោះបន្តជាកម្លាំងដើម្បីធានាជោគជ័យនៃកិច្ចការកសាងមាតុភូមិសង្គមនិយមវៀតណាម ដើម្បីជាគោលដៅ ប្រទេសជាតិខ្លាំងមាំមួន ប្រជាជនសម្បូរធូធារ ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌៕