ជំរុញកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរជាមួយជប៉ុន
(VOVWORLD) - នាព្រឹកថ្ងៃទី ២៣ សីហា នៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋ Vo Van Thuong បានអញ្ជើញទទួលជួបគណៈប្រតិភូគណៈបក្ស Komeito ដឹកនាំដោយលោក Yamaguchi Natsuo ប្រធានគណៈបក្ស ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ដំណើរទស្សនកិច្ច បានប្រព្រឹត្តិទៅក្នុងឱកាសដែលប្រទេសទាំងពីរបានរៀបចំសកម្មភាពជាច្រើន ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣)។
ប្រធានរដ្ឋលោក Vo Van Thuong និងលោក Yamaguchi Natsuo ប្រធានគណៈបក្ស Komeito |
ក្នុងជំនួបនេះ ប្រធានរដ្ឋលោក Vo Van Thuong បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងវៀតណាម និងជប៉ុនកំពុងអភិវឌ្ឍន៍កាន់តែរឹងមាំ និងប្រកបដោយប្រសិទ្ធភាព។ នេះគឺជាមូលដ្ឋានដ៏ល្អ ដើម្បីកំណត់រូបរាងទំនាក់ទំនងទ្វេភាគីក្នុងរយៈពេល ៥០ ឆ្នាំខាងមុខ។ លោកប្រធានរដ្ឋបានស្នើឲ្យបក្សកុម្មុយនិស្តវៀតណាម និងគណៈបក្ស Komeito ជប៉ុនបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ ជំរុញការផ្លាស់ប្ដូររវាងប្រជាជន ជាមួយប្រជាជន ជាពិសេសគឺយុវជន។
ជាការឆ្លើយតប លោក Yamaguchi Natsuo មានគោលបំណងថា ភាគីទាំងពីរបន្តរក្សាការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ហើយមានបំណងទទួលស្វាគមន៍លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញទៅបំពេញទស្សនកិច្ចនៅជប៉ុននាពេលខាងមុខ។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងលោក Yamaguchi Natsuo ប្រធានគណៈបក្ស Komeito |
នាព្រឹកថ្ងៃដដេល នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញទទួលជួបលោក Yamaguchi Natsuo។ ក្នុងជំនួបនេះភាគីទាំងពីរបានឯកភាពគ្នាក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជន ជាមួយប្រជាជន សហគ្រាសជាមួយសហគ្រាស និងតំបន់ជាមួយតំបន់។ ភាគីទាំងពីរក៏បានបង្ហាញចំណាប់អារម្មណ៍លើកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងនោះមានកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់សមត្ថភាពអនុវត្តន៍ច្បាប់នៅសមុទ្រ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពដែនសមុទ្រ; ការការពារ និងគ្រប់គ្រងគ្រោះមហន្តរាយ។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue មានបំណងថា ជប៉ុននឹងបន្តគាំទ្រទស្សនៈ និងគោលជំហររបស់វៀតណាម និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ៕