ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងស្វីស
(VOVWORLD) - គណៈប្រតិភូជាង ២០០ នាក់បានចូលរួមវេទិកាសេដ្ឋកិច្ចស្វីស - វៀតណាម (SVEF) ឆ្នាំ២០២៤ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ៤ ខែមិថុនា នៅប្រទេសស្វីស។ វេទិកានេះត្រូវបានស្ថានទូតវៀតណាមប្រចាំនៅស្វីស និងវេទិកាសេដ្ឋកិច្ចស្វីស-វៀតណាម (SVEF)សម្របសម្រួលរៀបចំឡើង។
វេទិកាបានផ្តោតការពិភាក្សាលើប្រធានបទ រួមមាន៖ គោលនយោបាយគាំទ្រកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍ; តួនាទី និងសក្តានុពលនៃកិច្ចសហប្រតិបត្តិការវៀតណាម-ស្វីសលើវិស័យសំខាន់ៗ; ឱកាស និងសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យហិរញ្ញវត្ថុ និងការវិនិយោគចាប់ផ្តើមអាជីវកម្ម។
សម័យពិភាក្សាក្រោមអធិបតីភាពរបស់លោកបណ្ឌិត Philipp Rösler អតីតនាយកវេទិកាសេដ្ឋកិច្ចពិភពលោក និងជាប្រធាន SVEF បានផ្តោតលើគោលនយោបាយគាំទ្រ និងជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងស្វីស។ រូបថត៖ TTXVN |
សម័យពិភាក្សានេះមានការចូលរួមពីមន្ត្រី និងថ្នាក់ដឹកនាំជាច្រើននៃរដ្ឋាភិបាលស្វីស ក៏ដូចជាតំណាងក្រុមហ៊ុននិងសាជីវកម្មធំៗរបស់ប្រទេសនេះផងដែរ។ ក្នុងសម័យពិភាក្សា គណៈប្រតិភូបានពិភាក្សាអំពីគោលនយោបាយគាំទ្រនិងជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគរវាងវៀតណាមនិងស្វីស; ចែករំលែកសក្តានុពល ប្រៀបខ្លាំង និងតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការ គោលនយោបាយទាក់ទាញវិនិយោគរបស់ខេត្តក្រុងនានានៅវៀតណាម សក្ដានុពលនិងអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងប្រទេសសមាជិកសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប - EFTA (Iceland, Lichtenstein, Switzerland និងន័រវែស)។
លើសពីនេះ គណៈប្រតិភូក៏បានចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីទីផ្សារ ស្តង់ដារអាជីវកម្ម គោលនយោបាយនវានុវត្តន៍ ការវិនិយោគ ថាមពលកកើតឡើងវិញ បច្ចេកវិទ្យាហិរញ្ញវត្ថុនិងជំរុញស្មារតីចាប់ផ្តើមអាជីវកម្ម ក៏ដូចជាការប្រឹក្សាច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងអាជីវកម្មនៃប្រទេសទាំងពីរ៕