ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និង EU
(VOVWORLD) - នារសៀលថ្ងៃទី១៨ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក Tran Luu Quang បានទទួលជួបប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុប លោក Bernd Lange។
នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang សង្ឃឹមថា សហភាពអឺរ៉ុប និងប្រទេសសមាជិកនឹងបន្តចែករំលែកបទពិសោធន៍ ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យា និងលើកកំពស់សមត្ថភាពឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរថាមពលបៃតង។ តាមនោះ ជួយវៀតណាមឆ្ពោះទៅអនុវត្តការសន្យារបស់ខ្លួន សម្រេចបាននូវការបំភាយឧស្ម័នសុទ្ធត្រឹមសូន្យនៅឆ្នាំ ២០៥០ និងជំរុញការអភិវឌ្ឍបៃតង ប្រកបដោយនិរន្តរភាព។
ឧបនាយករដ្ឋមន្ត្រី Tran Luu Quang ទទួលជួបជាមួយប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុប លោក Bernd Lange។ រូបថត៖ An Dang/TTXVN |
ឧបនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យលោក Bernd Lange ដម្លើងសំឡេងដ៏សំខាន់ក្នុងការជំរុញប្រទេសសមាជិកសហភាពអឺរ៉ុបទាំង១០ ដែលនៅសេសសល់ ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ឲ្យបានឆាប់ៗ; ទន្ទឹមនឹងនោះ ជំរុញឲ្យ EC ឆាប់ដកកាតលឿងសម្រាប់ជលផលនាំចេញរបស់វៀតណាម ដោយផ្អែកលើការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU)។
រីឯខ្លួនវិញ ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុប លោក Bernd Lange បានចាត់ទុកថា៖ វៀតណាម និង EU មានទំនាក់ទំនងស្ថិរភាព គួរឱ្យទុកចិត្ត និងកិច្ចសហប្រតិបត្តិការល្អលើវិស័យជាច្រើន ដូច្នេះចាំបាច់ត្រូវសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីជំរុញទំនាក់ទំនងនេះឱ្យបន្តអភិវឌ្ឍន៍បន្ថែមទៀតនាពេលអនាគត។ ទាក់ទិននឹងបញ្ហា IUU លោក Bernd Lange បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមនាពេលថ្មីៗនេះ ជាពិសេសក្នុងការត្រួតពិនិត្យកប៉ាល់នេសាទ និងបំពេញច្រករបៀងផ្លូវច្បាប់; ហើយលោកបានផ្តល់អនុសាសន៍ឲ្យវៀតណាមជំរុញការអនុវត្តច្បាប់នៅតាមមូលដ្ឋាន៕