ជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិន
(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ ខែមេសានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀត ណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយឧត្តមសេនីយ៍ឯកបំរុង Wei Fenghe រដ្ឋមន្ត្រីការពារជាតិចិន ដែលកំពុងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ចិន មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណា។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឧត្តមសេនីយ៍ឯកបំរុង Wei Fenghe រដ្ឋមន្ត្រីក្រសួងការពារជាតិចិន (រូបថត៖ TTXVN) |
ក្នុងជំនួបនេះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងឧត្តមសេនីយ៍ឯក Phan Van Giang រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមនិងឧត្តមសេនីយ៍ឯក Wei Fenghe រដ្ឋមន្រ្តីក្រសួងការពារជាតិចិន។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានលើកឡើងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិនដើម្បីការអភិវឌ្ឍតម្លាភាព ប្រកបដោយសុខសន្តិភាពស្ថិរភាពនិរន្តរភាព រួមមានផលប្រយោជន៍ទៅវិញទៅមក។ វៀតណាមតែងតែគាំទ្រ ចិនឱ្យមានការរីកចម្រើននិងចូលរួមចំណែកកាន់តែសកម្មនិងជាក់ស្តែងដល់សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍនៅក្នុងតំបន់និងពិភពលោក។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានមានប្រសាសន៍ថា ក្នុងបរិបទមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ-១៩ ប្រទេសទាំងពីរវៀតណាមនិងចិន បានសហការគ្នាគ្រប់គ្រងជំងឺរាតត្បាតយ៉ាងល្អ បង្កើតលក្ខណៈសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មនៅឆ្នាំ ២០២០ ឈានដល់កំណត់ត្រា ១៣៣ ពាន់លានដុល្លារអាមេរិក។
រីឯខ្លួនវិញ រដ្ឋមន្រ្តីក្រសួងការពារជាតិចិនលោក Wei Fenghe បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់គណៈប្រតិភូ បានបង្ហាញពីការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋចិន ក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយវៀតណាម។ ដោយយោងទៅលើលទ្ធផលល្អនៃកិច្ចពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមលោក Phan Van Giang រដ្ឋមន្ត្រីការពារជាតិចិនលោក Wei Fenghe បានមានប្រសាសន៍ថា ភាគីទាំងពីរបានឯកភាពគ្នាលើខ្លឹមសារជាច្រើននៃកិច្ចសហប្រតិបត្តិការរវាងយោធានៃប្រទេសទាំងពីរ។ តាមរយៈនោះ រួមចំណែកលើកកម្ពស់ចំណងមិត្តភាព ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងវៀតណាមនិងចិនឲ្យកាន់តែមានភាពល្អប្រសើរជាងនាពេលខាងមុខ៕