ជំរុញ ៥​G និងបិ​ទរលក ២G តាមផែនទីបង្ហាញផ្លូវ

(VOVWORLD) - នារសៀលថ្ងៃទី ១៣ ខែឧសភា នៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិងទូរគមនាគមន៍បានរៀបចំសន្និសីទសារព័ត៌មានជាប្រចាំ ដោយជូនដំណឹងអំពីសកម្មភាពនៃឧស្សាហកម្មព័ត៌មាននិងទូរគមនាគមន៍ ក្នុងខែមេសាកន្លងទៅ។ ជាពិសេស ក្រសួងបានជូនដំណឹងអំពីការអនុវត្តផែនការធ្វើពាណិជ្ជកម្មលើសេវា ៥G និងផែនទីបង្ហាញផ្លូវដើម្បីបិទរលក ២G ។

តាមនោះ ក្នុងខែមេសា ក្រសួងព័ត៌មាននិងទូរគមនាគមន៍បានផ្តល់អាជ្ញាប័ណ្ណឲ្យបង្កើតបណ្តាញនិងផ្តល់សេវាព័ត៌មានចល័តលើគោកដោយប្រើប្រាស់បច្ចេកវិទ្យា ៥G ដល់សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មទូរគមនាគមន៍កងទ័ព (Viettel)  និងសម្ព័ន្ធក្រុមហ៊ុនប្រៃសណីយ៍ និងទូរគមនាគមន៍ហាណូយ (VNPT) ។អាជីវកម្មទាំងពីរនេះនឹងធ្វើពាណិជ្ជកម្មសេវា ៥G លើទូទាំងប្រទេសក្នុងឆ្នាំនេះ បង្កើតហេដ្ឋារចនាសម្ព័ន្ធថ្មី ដោយរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថល។

ជំរុញ ៥​G និងបិ​ទរលក ២G តាមផែនទីបង្ហាញផ្លូវ - ảnh 1ទិដ្ឋភាពសន្និសីទសារព័ត៌មាន។ រូបថត៖ Ngoc Bich - VNA

លោក Nguyen Phong Nha អនុប្រធាននាយកដ្ឋានទូរគមនាគមន៍ ក្រសួងព័ត៌មាន និងទូរគមនាគមន៍បានឲ្យដឹងថា៖ “ក្នុងបរិបទដែល ៥G ទើបតែទទួលបានអាជ្ញាប័ណ្ណ ក្រសួងព័ត៌មាន និងទូរគមនាគមន៍បានដឹកនាំនាយកដ្ឋានទូរគមនាគមន៍ សហការជាមួយអាជីវកម្ម ដើម្បីត្រួតពិនិត្យ និងបង្កើតផែនការប្រចាំខែ ហើយជាពិសេសដើម្បីការពារសិទ្ធិរបស់អ្នកប្រើប្រាស់។ តាមនោះ អាជីវកម្មមានដំណោះស្រាយដើម្បីធានាឲ្យអ្នកប្រើប្រាស់ទទួលបានព័ត៌មានយ៉ាងពេញលេញ; ក៏ដូចជាការកសាងកញ្ចប់សេវាកម្ម និងកម្មវិធីផ្សព្វផ្សាយនានា ដើម្បីធានាសិទ្ធិរបស់អ្នកប្រើប្រាស់”។

នាយកដ្ឋានទូរគមនាគមន៍ ក៏បានឱ្យដឹងដែរថា ចាប់ពីខែកញ្ញា ឆ្នាំ២០២៦ តទៅ នឹងបិទប្រព័ន្ធទូរស័ព្ទចល័ត ២G ហើយគ្រាន់តែប្រើប្រាស់ ៤G ប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ